(ភ្នំពេញ)៖ ជារឿងដ៏ត្រេកអរពេកក្រៃសម្រាប់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» សម្រាប់ការចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៤នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើការចំណាយផ្សេងៗ។
លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈប្រធានគណបក្សប្រជាជនកម្ពុជា និងស្ថាបនិកទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានឱ្យដឹងថា ទូកងខ្មែរកម្ពុជាក្រោមមានជ័យ បានចូលរួមប្រកួតក្នុងព្រះរាជពិធិបុណ្យអុំទូកនៅឆ្នាំ២០០២ ដើម្បីជាការរួមចំណែកគាំទ្រវប្បធម៌ប្រពៃណីរបស់ខ្មែរ។
លោក សាន សាង ក៏បានរំលឹកផងដែរ ការស្នើសុំបង្កើតទូកងឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» កាលពីឆ្នាំ២០០២នោះ មានការជជែកច្រើន ហើយគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិនាពេលនោះមិនហ៊ានសម្រេចនោះឡើយ ព្រោះបារម្ភប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ ដើម្បីសម្រេចលើកិច្ចការនេះ គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ក៏បានគោរពស្នើសុំការសម្រេចពីសម្តេចតេជោ។ សម្តេចតេជោ មិនបានអល់អែកនោះឡើយ ហើយសម្រេចភ្លាមៗឱ្យប្រើប្រាស់ទូកងឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក។
ចាប់តាំងពីឆ្នាំ២០០២មក ទូកងខ្មែរកម្ពុជាក្រោមមានជ័យ ចូលរួមការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ ទោះបីមានលទ្ធភាពខ្សត់ខ្សោយ ហើយឆ្នាំខ្លះមានការខ្វះខាតក្តី ក៏ទូកងខ្មែរកម្ពុជាមានជ័យតែងតែចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ អាចរាប់ថាជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ទូកងខ្មែរកម្ពុជាក្រោមមានជ័យ ទទួលបានការឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការហូបចុក និងការចំណាយផ្សេងៗរយៈពេល៣ថ្ងៃនៃព្រះរាជពិធី។
ការជួយទំនុកបម្រុងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានក្លាយទៅជាកម្លាំងចិត្តដ៏មហិមា និងជាក្តីរីករាយជាទីបំផុតសម្រាប់គណៈកម្មការ និងចំណុះទូកទាំងអស់។ គណៈកម្មការ ក៏ដូចជាចំណុះទូក បានកត់សម្គាល់ថា ការជួយទំនុកបម្រុងនេះ បង្ហាញឱ្យឃើញពីទឹកចិត្តគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះខ្មែរកម្ពុជាក្រោម៕