(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមពិធីបុណ្យ អុំទូក អកអំបុក និង សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រមាណជិត៨០០នាក់។
លោកបានជំរុញឲ្យក្រុមកីឡាករទូកទាំងអស់ ត្រូវសហការសាមគ្គីគ្នាល្អក្នុងការអុំ ដើម្បីទទួលបានជ័យជំនះក្នុងព្រះរាជពិធីបុណ្យ អុំទូក អំបុក និង សំពះព្រះខែ នៅថ្ងៃស្អែកនេះ។ ដូច្នេះ កីឡាករទូកទាំងអស់ ត្រូវឯកភាពផ្ទៃក្នុង ឲ្យបានល្អកុំមានការប្រទូសសារាយគ្នា ទោះបីអុំទូកឈ្នះ ឬចាញ់ គឺសូមឲ្យមានសេចក្តីសុខទាំងអស់គ្នា។
លោកបន្តទៀតថា កីឡាករទាំអស់ត្រូវគោរពវិន័យ និងអនុវត្តឲ្យបានល្អតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក ត្រូវថែទាំសុខភាពឲ្យបានល្អ ពេលមានបញ្ហាសុខភាព ត្រូវទៅព្យាបាល ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការ ឲ្យបានទាន់ពេលវេលា។ ក្នុងពេលសំរាកស្នាក់នៅ និងក្រោយពេលស្នាក់នៅត្រូវមានអនាម័យល្អ និងបោសសំអាត ទីកន្លែងស្នាក់នៅឲ្យបានស្អាត មុនពេលត្រឡប់ទៅមូលដ្ឋានវិញ។
ជាមួយគ្នានេះ លោក នួន ផារ័ត្ន បាននាំយកគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ជារបស់រដ្ឋបាលខេត្ត និងថវិកាមួយចំនួនជាអំណោយរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្រុមកីឡាករទូកសម្រាប់ប្រើប្រាស់ផងដែរ។
គួរបញ្ជាក់ថាទូកដែលមានឈ្មោះចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញមានចំនួន៩ទូក ក្នុងនោះរួមមាន៖
*ទី១៖ ចំប៉ាពិសីសែនជ័យ
*ទី២៖ ពោធិ៍អណ្តែតធិបតីសែនជ័យ
*ទី៣៖ ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង
*ទី៤៖ តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ
*ទី៥៖ សែនសេរីមានជ័យ
*ទី៦៖ ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក
*ទី៧៖ ស្រីស្រស់ស្ទឹងសែន
*ទី៨៖ តេជោសែនជ័យបារមីវត្តកងមាស
*ទី៩៖ ច័ន្ទមណី+គគីរមានជ័យ៕