(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករទូក ង ខេត្តតាកែវ នៅកំពង់ផែភ្នំពេញ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងកីឡាករទូក ង ចំនួន ៦ សរុបប្រមាណ ៤០០នាក់។
នៅក្នុងពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តតាកែវ។
លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឱ្យបានគ្រប់គ្រាន់ រក្សាអនាម័យ គោរពវិន័យជាអ្នកកីឡាករ ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បាននាំយកអំណោយជូនដល់កីឡាករទូក ដើម្បីលើកទឹកចិត្ត រួមមាន៖ អង្ករ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខេត្តតាកែវ មានកីឡាករទូក និងមានទូកង ចំនួន ៥ ចូលរួមប្រកួត និងទូក ង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន១ ទូក គឺ៖
* ទូកសម្តេចវិបុលបញ្ញាបារមីមានជ័យ (ស្រុកគិរីវង់)
* ទូកគិរីវង់សុខសែនជ័យ (ស្រុកគិរីវង់)
* ទូកតាកែវទ្រាំងសុខសែនជ័យ (ស្រុកទ្រាំង)
* ទូកសំបូរសាគរមុនីវ៉ាន់ដេតសុខសែនជ័យតេជៈសំរោងក្រិល (ស្រុកអង្គរបូរី)
* ទូកសំណាង ស សែនជ័យបារមីលោកតាកែវ (រដ្ឋបាលខេត្ត)
* និង ទូកស្រី ស សុខសែនជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕