(ព្រះវិហារ)៖ លោក យុង គឹមហាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាការទូកងខេត្តព្រះវិហារ បានថ្លែងណែនាំ និងផ្តាំផ្ញើដល់កីឡាករទូកង កោះកេរធិបតី និងទូកង ព្រះខ័នធិបតី ជាទូកមកពីខេត្តព្រះវិហារ ដែលត្រូវចូលរួមប្រកួតនាថ្ងៃខាងមុខ ក្នុងព្រះរាជពិធិអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវថែរក្សាសុខភាពឱ្យបានល្អ ខិតខំហ្វឹកហាត់ និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រកួតយកជ័យជំនះ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តព្រះវិហាររបស់យើង។
ការថ្លែងរបស់លោក យុង គឹមហ៊ាន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការទូកងខេត្ត ក្នុងឱកាសដែលលោកអញ្ជើញតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយគណៈកម្មាការទូកង ខេត្តព្រះវិហារ ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំថវិកា សម្ភារៈរបស់លោក គីម រិទ្ធី និងលោកស្រី ប្រគល់ជូនលើកទឹកចិត្តដល់គណៈកម្មការទូកង កោះកេរធិបតី និងព្រះខ័នធិបតី នៅរោងទូកមុខមជ្ឈមណ្ឌល OCIC រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក យុង គឹមហាន បានថ្លែងណែនាំផ្តាំផ្ញើដល់កីឡាករទូកង ដែលមកពីខេត្តព្រះវិហារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ គោរពវិន័យឱ្យបានល្អ ត្រូវអនុវត្តតាមបទបញ្ជានៃការប្រណាំងទូកឱ្យបានរឹងមាំ បញ្ចៀសរាល់បាតុភាពអសកម្ម ដើម្បីភាពសប្បាយរីករាយ។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ហើយត្រូវបន្តហ្វឺកហាត់ ឱ្យបានខ្លាំងបន្ថែមទៀត ពិសេសត្រូវតែគោរពវិន័យ សេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករ ហើយរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតយកជ័យជំនះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕