(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១២៖៣០នាទី រហូតដល់ម៉ោង ១៧៖០០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

វេទិកានេះ គឺជាផ្នែកមួយនៃគម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity Awareness Month)» ដែលនឹងប្រមូលផ្ដុំអ្នកជំនាញ នៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។

ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួម ឱ្យទទួលបាននូវបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជននិងសិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» សូមធ្វើការចុះឈ្មោះចូលរួមដោយសេរីឱ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)៕