(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានត្រៀមស្រោមអនាម័យចំនួន ១១៥,២០០ស្រោម និងទឹករំអិលចំនួន ៤ពាន់កញ្ចប់ស្រោម, មានចែកប័ណ្ណព័ត៌មានអប់រំសុខភាព ពីមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន ៤៥,៥០០ប័ណ្ណ, ថ្នាំបង្ការមុន និងក្រោយពេលប្រឈម (PrEP & PEP) ចំនួន ៣,០០០ឈុត, ធ្វើតេស្តរកមេរោគអេដស៍ ផ្តល់ប្រឹក្សា និងព្យាបាលជំងឺអេដស៍និងកាមរោគ, សំណួរ និងចម្លើយផ្តល់វត្ថុអនុស្សាវីយ៍អាវយឺតចំនួន ៨០០អាវ និងស្រោមអនាម័យ ចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យទីតាំងជម្រកស្តង់សុខាភិបាល សម្រាប់តៀមការពារសុខភាព នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ នៅថ្ងៃទី១៤-១៦ ខែវិច្ឆិកាឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានថ្លែងបន្ដថា ដោយទទួលបានការអនុញ្ញាតពី លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី នាថ្ងៃនេះលោក និងលោកសាស្ត្រាចារ្យ មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល, លោកស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រួមទាំងក្រុមការងារបានដឹកនាំបើកយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹង ស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ដល់កីឡាករអុំទូក និងដល់សាធារណជនទូទៅ ដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

យុទ្ធនាការអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងក្រុងរណបជ្រោយចង្វារ (OCIC) ដោយនឹងអនុវត្តនូវសកម្មភាពមួយចំនួនដូចជា ការដើរក្បួនដោយមានកាន់បដា និងរូបភាពផ្សព្វផ្សាយទាក់ទាញផ្សេងៗ ក្នុងថ្ងៃបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ និងរៀបចំស្តង់អប់រំផ្សព្វផ្សាយចំនួន៥ និងចុះអប់រំតាមទីតាំងមួយចំនួន។

លោកវេជ្ជបណ្ឌិតគួសបញ្ជាក់ទៀតថា «គោលបំណងចំនួន២ ដែលក្រសួងសុខាភិបាល បានរៀបចំនៅពេលនេះ គឺទី១) ដើម្បីបញ្ជៀបការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់កីឡាករអុំទូក និងប្រជាពលរដ្ឋយើងទូទៅដោយផ្ដោតសំខាន់ទៅលើការបង្ការ តាមរយៈការប្រើប្រាស់ស្រោមអនាម័យ ថ្នាំបង្ការមុន និងក្រោយពេលប្រឈម ដែលហៅថ្នាំ (PrEP & PEP) និងទី២) គឺចង់ទាញអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរថា ជំងឺអេដស៍មិនទាន់ទៅណាបាត់ពីកម្ពុជានៅឡើយទេ ហើយនៅតែជាបញ្ហាប្រឈម ដែលគំរាមគំហែងសុខភាពសាធារណៈ ដោយបច្ចុប្បន្ននេះគឺមានករណីឆ្លងថ្មី ៣-៤ ករណីក្នុងមួយថ្ងៃ និងស្លាប់ ៣នាក់នៅក្នុងមួយថ្ងៃ»

ជាមួយគ្នានេះលោកសាស្ដ្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានឱ្យដឹងទៀតថា «យើងនៅមានការឆ្លងថ្មីនៃជំងឺអេដស៍ ចំនួន ១,២០០នាក់ក្នុងមួយឆ្នាំ ហើយករណីឆ្លងថ្មីនេះ គឺសុទ្ធតែជាយុវជនពេញកម្លាំង ដូចកីឡាករអុំទូករបស់យើងចឹង គឺសុទ្ធតែជាអ្នកពេញវ័យពេញកម្លាំង ដូច្នេះសូមអំពាវនាវ កុំនាំយកមេរោគអេដស៍ត្រលប់ទៅផ្ទះវិញ និងសូមចូលមកទស្សនាស្ដង់របស់យើង ដើម្បីស្វែងយល់ពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ឬធ្វើតេស្ដរកមេរោគអេដស៍ ជាពិសេសមកយកស្រោមអនាម័យនៅស្ដង់របស់យើងដោយឥតគិតថ្លៃ»

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យជំនួយ អ៊ុក វិជ្ជា បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែនឹកឃើញរឿងអេដស៍ នៅពេលដែលប្រព្រឹត្ដជាមួយដៃគូក្រៅពីប្រពន្ធ ហើយត្រូវរូតរះទៅធ្វើតេស្ដរកមេរោគអេដស៍ នៅមុនពេលរៀបការ និងការត្រៀមយកបុត្រធីតា ដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន។

សូមបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយរយៈពេល៤ថ្ងៃនេះ មានការរៀបចំដឹកនាំដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមានការចូលរួមពីអង្គការដៃគូធ្វើការងារអេដស៍ រួមមានអង្គការ AHF, FHI360, PSI, KHANA, MHC & CWPD សរុបចំនួនប្រមាណ១២០នាក់៕