(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងនៅទីបញ្ជាការស្រាល និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។

នាឱកាសនោះដែរ លោកក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

លោក ឃួង ស្រេង បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះ ចំនួនជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ ដោយមានបណ្តែតប្រទីបចំនួន៣៥ផងដែរ។

ថ្លែងនៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ៕