(លីម៉ា,ប៉េរូ)៖ ឆ្លៀតក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា បើក កម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក-តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៉ី និងប៉ាស៉ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមន៍នេះផងដែរ។

លោក Edgardo Alvarez តំណាងឲ្យសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះលោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។

លោកបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ របស់ឯកឧត្តមបណ្ឌិត។ មួយវិញទៀត, លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា សមាគមទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងទ្វេដង៕