(ភ្នំពេញ)៖ លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយសម្របសម្រួលដល់តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជានូវលទ្ធភាពចុះសួរសុខទុក្ខជនជាប់ឃុំនៅក្នុង ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែដែលជាជនជាតិអាមេរិក រួមទាំងកញ្ញា សេង ធារី ផងដែរ។

តាមរយៈជំនួបរវាងទេសរដ្ឋម​ន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤, លោកស្រីបានលើកឡើងពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រី កែវ រ៉េមី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូចូលជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចជំនួបនេះ គឺដើម្បីទទួលបានព័ត៌មានច្បាស់លាស់។

នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រី Bridgette Walker និងគណៈប្រតិភូ និងបានគូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់ គ.ស.ម.ក. ទាំងនៅថ្នាក់ជាតិ តំបន់ និង អន្តរជាតិ។ នៅថ្នាក់ជាតិ គ.ស.ម.ក. មានតួនាទីផ្សេងៗដូចជា៖ ការទទួលពាក្យបណ្តឹងដោយផ្ទាល់នៅទីស្នាក់ការ របស់ គ.ស.ម.ក. និងតាមរយៈ CHRC APP ការចុះស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្តឹង ការចុះអប់រំផ្សព្វផ្សាយ អំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំង ប្រទេស និងការផ្តល់មេធាវីស្ម័គ្រចិត្តដោយឥតគិតថ្លៃដល់ជនងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវី ជាដើម។

បន្ថែមលើនេះ ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការជួយសម្របសម្រួលនិងកិច្ចអន្តរាគមន៍ក្នុងការយកកូនតាមម្ដាយ និងអនីតិជននៅក្នុងពន្ធនាគារ ទៅចិញ្ចឹមបីបាច់ថែរក្សានិងឱ្យរៀនសូត្រ នៅតាមមណ្ឌលកុមារកំព្រា និងសមាគមដែលជាដៃគូផងដែរ។ ចំពោះថ្នាក់តំបន់ គ.ស.ម.ក. គឺជាតំណាងប្រទេសកម្ពុជានៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)។ រីឯនៅកម្រិតអន្តរជាតិ គ.ស.ម.ក. ទទួលបន្ទុកសរសេររបាយការណ៍ សិទ្ធិមនុស្សជាតិចំនួន៥ សម្រាប់ផ្ញើទៅយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ និងមានតួនាទី ក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមនៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ទាំងនោះ។

ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីប្រទេសជាដៃគូសន្ទនាស្តីពីសិទ្ធិមនុស្សរបស់ គ.ស.ម.ក. កន្លងមក រួមមាន៖ អូស្ត្រាលី ជប៉ុន កាណាដា ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប OHCHR និង អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជាដើម។

លោកស្រីភារធារីនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា ក៏បានលើកឡើងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និង គ.ស.ម.ក. ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBT)។ បន្ថែមពីនេះលោកស្រីបានគូសបញ្ជាក់ពីការជំរុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ដើម្បីអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅឆ្នាំ២០២៥។ លោកស្រីក៏បានសាកសួរអំពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI)។

ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស បានដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយដោយត្រូវរង់ចាំនីតិវិធីបន្តទៀត និងបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បាននិងកំពុងអនុវត្តយ៉ាងមមាញឹកនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច ជាពិសេសការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តនៅក្នុងកម្មវិធី គម្រប់ខួប ៧៥ឆ្នាំ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕