(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានលើកឡើងថា ភាសាគឺជាស្ពានដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក ភាសាគឺជាកម្លាំងថាមពលដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ហើយភាសាក៏ជាកម្លាំងថាមពលដើម្បីជំរុញការរីកចម្រើននៃអរិយធម៌។
លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីប្រកួតចម្រៀង «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
កម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីសំណាក់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហាញការជឿជាក់ថា៖ «នៅពេលអនាគតយើងនឹងមានជនជាតិចិនចេះភាសាខ្មែរកាន់តែច្រើន ហើយមានជនជាតិខ្មែរចេះភាសាចិនកាន់តែច្រើនដែរ យើងនឹងជម្រុញឱ្យស្មារតីជួយយកអាសារគ្នាទៅវិញទៅមកឱ្យកាន់តែធំធេង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចក្លាយជាទូតនៃមិត្តភាពកម្ពុជា-ចិន ហើយស្គាល់មិត្តភ័ក្តកាន់តែច្រើនមកពីចិននិងកម្ពុជា ដើម្បីធ្វើជាស្ពានជួយជម្រុញការតភ្ជាប់វប្បធម៌ចិននិងកម្ពុជា ក្នុងការបន្តសរសេរទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការណ៍ប្រកបដោយមេត្រីភាពរវាងប្រទេសយើងទាំង២។ យើងសូមលើកទឹកចិត្តឱ្យសិស្សនុសិស្ស ក្មួយៗទាំងអស់គ្នាមកពីប្រទេសកម្ពុជារៀនភាសាចិន ដោយខិតខំប្រឹងប្រែង ហើយយើងលើកទឹកចិត្តឱ្យជនជាតិចិនកាន់តែច្រើនរៀនភាសាខ្មែរ»។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «ខ្ញុំជឿជាក់ថាការរៀបចំការប្រកួតចម្រៀងចិននេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនទាំង២សំដៅឆ្ពោះទៅកាន់ការកសាងកម្លាំងយុវជនដែលមានសក្ដានុពល សម្រាប់បន្តវេនពូនជ្រុំមិត្តភាពដ៏យូរលង់របស់យើងឱកាន់តែជិតស្និត ពីមួយជំនាន់ទៅមួយជំនាន់»។
ខ្លឹមសារនៃបទចម្រៀងប្រកួតទាំងអស់ ដែលត្រូវបានបេក្ខជន បេក្ខនារី ជ្រើរើសយកមកប្រកួតប្រជែងសុទ្ធតែបង្កប់នូវមនោសញ្ចេតនានិងក្តីសុបិន្ត និងជាការឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មវប្បធម៌នៃកម្ពុជា-ចិនផងដែរ ដែលជាចំណុចសំខាន់នៃការផ្លាស់ប្ដូររបស់ប្រទេសយើងទាំងពីរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា
នៅក្នុងការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ បានលើកយកសុភាសិតមួយឃ្លាពោលថា មិត្តភាពប្រៀបបានដូចដើមឈើ ជួយបាំងខ្យល់បាំងភ្លៀង។ មិត្តភាពប្រៀបបានដូចទន្លេ តែងតែស្រោចស្រពដល់ដួងចិត្តយើងទាំងអស់គ្នា។ ជាចុងក្រោយ សូមជូនពរឱ្យដើមឈើនៃមិត្តភាពកម្ពុជា-ចិននៅតែបន្ដរឹងមាំដូចដើមឈើនិងនៅតែបន្ដហូរមិនចេះរីងស្ងួចដូចទឹកទន្លេ។ តាមរយៈនេះ យើងនឹងប្រកៀកស្នាគ្នា រួមចំណែកទាំងកម្លាំងកាយនិងស្មារតីក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន»។
សូមបញ្ជាក់ថា ឆ្នាំ២០២៤គឺជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤នេះ គឺជាការរៀបចំលើកដំបូងបំផុត ក្នុងន័យជំរុញការលើកកម្ពស់ការយល់ដឹងពីភាសា និងវប្បធម៌ចិននៅកម្ពុជា៕