(ភ្នំពេញ)៖ ព្រះនាងតូច នរោត្តម ចេនា លើកទឹកចិត្តដល់សិស្សនិស្សិតកម្ពុជា សិក្សានិងឈ្វេងយល់បន្ថែមពីវប្បធម៌ចិន ភាសាចិន និងតូរ្យតន្រ្តីរបស់ចិន។

ព្រះនាងតូច បានលើកឡើងបែបនេះនៅក្នុងកម្មវិធីប្រកួតចម្រៀង «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រះនាងតូចបានលើកឡើងថា៖ «ការច្រៀងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ព្រោះចម្រៀងតែងបានផ្សារភ្ជាប់ជាមួយខ្លឹមសារ និងវប្បធម៌ រឿងរ៉ាវ អារម្មណ៍ និងទស្សនៈប្លែកៗ។ ដោយហេតុថាបទចម្រៀងរបស់ចិន មានចាក់បញ្ចូលនូវទិដ្ឋភាពដ៏សម្បូរបែបទាំងអស់នេះហើយ ទើបតាមរយៈចម្រៀងយើងក៏ហាក់ដូចភ្ជាប់ខ្លួនឯងជាមួយរឿងរ៉ាវទាំងដែរ។ ទាំងនេះគឺជាស្ពានដែលចម្លងការយល់ដឹង និងសាងមិត្តភាពរបស់យើងឱ្យកាន់តែយូរអង្វែង»

សូមជម្រាបថា កម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីសំណាក់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះជាការរៀបចំកម្មវិធីប្រកួតចម្រៀងចិន លើកដំបូងបំផុត ក្នុងន័យជម្រុញការលើកកម្ពស់ការយល់ដឹងពីភាសា និងវប្បធម៌ចិននៅកម្ពុជា៕