(កោះកុង)៖ ដើម្បីចូលរួមអបអរសសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករដ្ឋបាលខេត្តកោះកុង បានរៀបចំព្រឹត្តិការណ៍អុំទូកឆ្នាំ២០២៤។ ព្រឹត្តិការនេះប្រារព្ធធ្វើឡើងនៅដងព្រែកកោះប៉ោ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការគ្រប់បណ្តាអង្គភាពកងកម្លាំងប្រដាប់ទាំង៣ប្រភេទ និងមានការចូលរួមពីមិត្តភាពប្រទេសថៃ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

លោកស្រី មិថុនា ភូថង បានថ្លែងទៅកាន់កីឡាករ  និងមហាជនដែលបានចូលរួមនាថា ក្នុងនាមលោកស្រីជាអាជ្ញាធរខេត្តសូមសម្តែងនូវមោទនៈភាពដោយរដ្ឋបាលខេត្តកោះកុងបានប្រារព្ធពិធីប្រណាំង ទូក ដាល់អុំបុកបណ្តែតប្រទីបដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅដងព្រែកកោះប៉ោចំណុចសួនច្បាមុខសាលាខេត្ត។ ព្រឹត្តិការណ៍ប្រណាំងទូកង សម្រាប់ឆ្នាំ២០២៤ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមអបអរសាទរដោយក្តីញញឹមរីករាយ និងមានសុវត្តិភាពល្អ ដែលធ្វើដំណើរមកតាមស្រុកនានា និងក្រុមកីឡាករនិមួយៗមានសុខភាពល្អដើម្បីត្រៀមយកជ័យជំនះរៀងៗខ្លួនហើយបើយើងចង់បានជ័យជំនះត្រូវរួមកម្លាងសាមគ្គីគ្នា។

លោកស្រីបានបន្តថា យោងតាមសេចក្តីណែនាំ របស់គណៈកម្មាធិការៀបចំបុណ្យជាតិអន្តរជាតិ និងផ្អែកតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ឆ្នាំនេះគ្រប់ព្រឹត្តិការណ៍ទាំងអស់ត្រូវតែរៀបចំឱ្យមានទ្រង់ទ្រាយធំៗ និងល្អប្រណិត ដើម្បីបង្កលក្ខណៈសប្បាយ រីករាយជូនសាធារណជនក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយ និងស្គាល់ពីវប្បធម៌ ប្រពៃណីជាតិខ្មែរ និងបានយល់ដឹងខ្លះៗអំពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តការណ៍ប្រាណងទូកង ទូកនាគមានចំនួន១៦ ទូកប្រពៃណីផ្កាចារចំនួន៨ និងទូកកូននាគចំនួន៨ទូក ហើយទូកត្រូវប្រណាំងថ្ងៃគឺមកតាមបណ្តាក្រុង ស្រុក នៅក្នុងខេត្តកោះកុង៕