(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកអស់រយៈពេល២២ឆ្នាំ នៅឆ្នាំ២០២៤នេះ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានលើកពានហើយ បន្ទាប់ពីយកឈ្នះលើគូប្រកួតទាំង៦ជើងក្នុងរយៈពេល៣ថ្ងៃ។ នេះជាការលើកពានលើកដំបូងសម្រាប់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ»។
លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានឱ្យដឹងថា ចាប់តាំងពីចូលរួមការប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០០២ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» មិនធ្លាប់បានលើកពាននោះឡើយ។ នៅឆ្នាំ២០២៤នេះ គឺជាលើកដំបូងហើយដែលទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានលើកពាន បន្ទាប់ពីយកឈ្នះគូប្រកួតទាំង៦ជើង ក្នុងរយៈពេល៣ថ្ងៃមកនេះ។
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសសម្រាប់គណៈកម្មការ និងចំណុះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ព្រោះទទួលបានការឧបត្ថម្ភ និងទ្រទ្រង់សម្រាប់ការបរិភោគ និងចំណាយផ្សេងៗពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ តាមរយៈការទ្រទ្រង់នេះ ធ្វើឱ្យកីឡាករបានហូបចុកគ្រប់គ្រាន់មិនខ្សត់ខ្សោយដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ។
លោក សាន សាង ចាត់ទុកឆ្នាំ២០២៤នេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ព្រោះទទួលបានការជួយទ្រទ្រង់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយជាឆ្នាំដំបូងដែលទូកទទួលបានពាន ក្រោយចូលរួមប្រកួតរយៈពេល២២ឆ្នាំ។
គណៈកម្មការ និងចំណុះទូកទាំងអស់ បានបង្ហាញក្តីសប្បាយរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ចំពោះជ័យជម្នះនៅឆ្នាំនេះ។ រយៈពេល២២ឆ្នាំមកនេះ គណៈកម្មការ និងចំណុះទូក បានប្រឹងប្រែង និងពុះពារខ្លាំងណាស់ក្នុងការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ទោះបីលទ្ធភាពខ្សត់ខ្សោយយ៉ាងណាក្តី ព្រោះចង់ឱ្យពាក្យថា «ខ្មែរកម្ពុជាក្រោម» ត្រូវបានផ្សព្វផ្សាយតាមសំឡេងឧឃោសនស័ព្ទនៃព្រះរាជពិធីជាព្រះរាជបវេណីរបស់ខ្មែរ។ ការបានផ្សព្វផ្សាយពាក្យថា «ខ្មែរកម្ពុជាក្រោម» តាមសំឡេងឧឃោសនស័ព្ទ នឹងធ្វើឱ្យពលរដ្ឋខ្មែរនៅកម្ពុជា បានស្គាល់បានដឹងបានឭពីខ្មែរកម្ពុជាក្រោម។
ដូច្នេះតាមរយៈការលើកពាននៅពេលនេះ ធ្វើឱ្យឈ្មោះ «ខ្មែរកម្ពុជាក្រោម» កាន់តែបានដឹង និងបានឭខ្ទរខ្ទារថែមទៀត។ គណៈកម្មការ និងចំណុះទូកទាំងអស់ គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអនេកចំពោះការជួយឧបត្ថម្ភគាំទ្រនៅឆ្នាំ២០២៤នេះ ព្រោះថាការឧបត្ថម្ភគាំទ្ររបស់សម្តេចទាំងទ្វេ ប្រៀបបានការផ្តល់ឱសថថាមពលឱ្យកីឡាករមានស្មារតីប្រកួតកាន់តែខ្លាំងក្លា។
សូមបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជួយទ្រទ្រង់ដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ប៉ុណ្ណោះទេ សម្តេចទាំងទ្វេ បានប្រកាសផ្តល់ទូកងខ្នាតវែងដល់បងប្អូនខ្មែរក្រោមសម្រាប់ការប្រកួតនៅឆ្នាំ២០២៥ផងដែរ។ តាមរយៈទូកប្រពៃណីខ្នាតពិសេសនេះ នឹងធ្វើឱ្យទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕