(កំពង់ចាម)៖ វិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម បានកសាងឡើងកំឡុងឆ្នាំ១៩៩៦ ក្រោមគំនិតផ្ដួចផ្ដើមឡើងដោយលោកបណ្ឌិត ម៉ា ឈឿន ក្នុងនាមជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលកំពង់ចាម។ មុននឹងក្លាយជាវិទ្យាល័យមួយនេះ ដើមឡើយជាអនុវិទ្យាល័យសង្គមរាស្ដ្រនិយម ដែលកសាងឡើងនៅឆ្នាំ១៩៥៩ ហើយក្នុងសម័យខ្មែរក្រហមសាលានេះ ក៏បានក្លាយជាមន្ទីរឃុំឃាំង។
ក្រោយមកនៅឆ្នាំ១៩៧៩ ក៏បានដាក់ជាសាលាបឋមសិក្សា រហូតដល់ឆ្នាំ១៩៨១ បានក្លាយជាសាលាមធ្យមសិក្សាកម្រិត ២ជើងឆ្នុក។ ហើយនៅឆ្នាំ១៩៩៦ ក្រោមការផ្ដួចផ្ដើមពីលោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា បានគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីកសាងសាលានេះជាថ្មី និងដាក់ទៅជាវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក មកទល់បច្ចុប្បន្ន ដែលក្រោមថវិកាសាងសង់របស់ សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់នាយកវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក លោក អ៊ុក សម្បត្ដិ។
លោកនាយកសាលាបានថ្លែងឱ្យដឹងទៀតថា លោកបណ្ឌិត ម៉ា ឈឿន ជាអតីតកូនសិស្សមួយរូបដែលបានសិក្សារៀនសូត្រនៅសាលាខាងនេះផងដែរ។ ក្នុងនាមអតីតសិស្សផង ជាពិសេសជាថ្នាក់ដឹកនាំបម្រើប្រជាពលរដ្ឋផង លោកបណ្ឌិត ម៉ា ឈឿន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀនទាំងបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក តាំងពីបង្កើតមករហូតមកដល់បច្ចុប្បន្ននេះ ដោយរាល់ការខ្វះខាត ឬខូចខាតអ្វីមួយ គឺលោកបណ្ឌិតតែងតែជួយឧបត្ថម្ភគាំទ្រជានិច្ចដល់សាលារៀនខាងលើនេះរហូតមក។
«លើសពីនោះទៀត លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី មិនត្រឹមតែជួយឧបត្ថម្ភគាំទ្រដល់សាលាបឋមសិក្សា និងវិទ្យាល័យជើងឆ្នុកនោះទេ សូម្បីតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ដារលូប្រឡាយទឹក ពិសេសកសាងវត្ដអារាម និងសមិទ្ធផលជាច្រើនទៀតទាំងនៅក្នុងស្រុកបាធាយ និងបណ្ដាស្រុកផ្សេងៗទៀតនៅខេត្ដកំពង់ចាម ពួកយើងទាំងអស់គ្នាពិតជាកក់ក្ដៅ និងសប្បាយរីករាយខ្លាំងណាស់ ពិសេសក្នុងនាមតំណាងឱ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ សូមគោរពដឹងគុណ និងសូមអគុណយ៉ាងជ្រាលជ្រៅ ហើយចង់ចាំនូវទឹកចិត្ដដ៏សប្បុរសរបស់លោកបណ្ឌិត ជានិរន្ដរ៍»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកនាយកសាលា។
លោកនាយកសាលា បានថ្លែងបន្ដថា ជាក់ស្ដែងបន្ទាប់ពីកន្លងទៅនេះ មានភ្លៀងធ្លាក់ជោគជាំ ហើយហូរពីលើភ្នំ ចូលមកផ្ទះប្រជាពលរដ្ឋ និងសាលារៀនទាំងពីរខាងលើនេះ ដែលធ្វើឱ្យរងផលប៉ះពាល់ និងស្ទះលូ ភក់ជ្រាំ មានក្លិនប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជុំវិញសាលា លោកបណ្ឌិត ម៉ា ឈឿន បានចុះពិនិត្យហើយសម្រេចជួយស្ដារអភិវឌ្ឍឡើងវិញ ដោយស្ដារប្រឡាយដាក់លូថ្មី សាងសង់របងសាលាថ្មី និងធ្វើថ្នល់បេតុងថ្មីមួយខ្សែទៀត មានប្រវែងជាង១ពាន់ម៉ែត្រ ទទឹង២០ម៉ែត្រ ចាប់ពីវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ដល់សាលាបឋមសិក្សាជើងឆ្នុក រួមទាំងរៀបចំហេដ្ឋារចនាសម័្ធន្ធជាច្រើនទៀត ដោយមានសួនដំាផ្កាលម្អជុំវិញរបងសាលា ដើម្បីប្រែក្លាយសាលារៀនទាំងពីនេះ ឱ្យមានសោភណ្ឌភាពស្អាត និងជាសាលាគំរូ ពោរពេញទៅដោយរិស្ថានបៃតង ផ្ការីកស្កុះស្គាយប្រកបដោយបរិកាយបរិសុទ្ធ ជាផ្នែកមួយជួយលើកកម្ពស់ទាំងបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះប្រជាពលរដ្ឋដែលរស់នៅជុំវិញសាលារៀនខាងលើនេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដែលជាថ្នាក់ដឹកនាំបម្រើរាស្ដ្រយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះក្នុងនាមប្រជាពលរដ្ឋនៅភូមិជើងឆ្នុក ស្រុកបាធាយ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្នុងនាមគណៈអភិបាលស្រុក លោក អូត ឈាងលី បានគោរពថ្លែងអំណរគុណចំពោះលោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដែលបានខិតខំប្រឹងប្រែងក្នុងការជួយអភិវឌ្ឍប្រទេសរបស់យើង និយាយជារួមទាំងនៅស្រុកជើង និងស្រុកបាធាយ ក៏ដូចជាក្នុងខេត្ដកំពង់ចាម និងតាមបណ្ដាខេត្ដផ្សេងៗទៀត ដែលលោកបានលះបង់កម្លាំងកាយចិត្ដ និងថវិកា ដើម្បីជួយកិច្ចការងារអភិវឌ្ឍប្រទេស និងការងារសង្គមជាច្រើន។ និយាយដោយឡែកសម្រាប់ថ្ងៃនេះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានចំណាយពេលវេលា និងថវិកាជាច្រើនម៉ឺនដុល្លារ ដើម្បីធ្វើឱ្យវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ឱ្យមានសោភណ្ឌភាពស្រស់ស្អាត ជាមួយដើមឈើ និងផ្កានានានៅតាមរបងសាលារៀន ពិសេសជួសជុលហេដ្ឋារចនាសម្ព័ន្ធថ្មី ដោយដកលូចាក់ ដាក់លូថ្មី ផ្ដល់ផ្លូវបេតុងថ្មីមួយខ្សែ និងរបងសាលារៀនថ្មី-ល-។ «សមិទ្ធផលទាំងនេះនឹងលេចរូបរាងឆាប់ៗនេះ ដែលធ្វើឱ្យពួកខ្ញុំជាប្រជាពលរដ្ឋពិតជាសប្បាយចិត្ដណាស់»។
តាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានថ្លែងឱ្យដឹងថា «សាលាខាងលើនេះ គឺបានកសាងឡើងអស់រយៈពេលយូរឆ្នាំមកហើយ ដូច្នេះប្រាកដជាមានសភាពចាស់ទ្រុឌទ្រោម ដូច្នេះហើយបានជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខ្ញុំចុះមកពិនិត្យដោយផ្ទាល់ដើម្បីដឹងពីតម្រូវការ និងជួយរាល់ស្តារអភិវឌ្ឍថ្មីជូនសាលា ជាពិសេសគោលបំណងចង់ឱ្យសាលាបឋមសិក្សាជើងឆ្នុក និងវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ក្លាយជាសាលាគំរូ ចឹងបានខ្ញុំនិងភរិយាសម្រេចស្ដារអភិវឌ្ឍ និងរៀបចំសាងសង់ជួសជុលឡើងវិញ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងនាមខ្ញុំជាតំណាងរាស្ដ្រមណ្ឌលកំពង់ចាម»។
សូមជម្រាបថា ក្រៅពីជួយឧបត្ថម្ភសាងសង់នូវរបងសាលារៀន ប្រលាយទឹក និងផ្តល់ផ្លូវបេតុង លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម ក៏បានផ្ដល់នូវថវិកាជូនដល់លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន ៤លាន ៤សែនរៀល៕