(កំពត)៖ សាលាដំបូងខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានបង្ហាញអំពីវឌ្ឍនភាពនៃចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ដូចខាងក្រោម៖
១៖ បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦ គណនី ។

២៖ បានសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ២.០១២ ក្បាលដី ស្មើនឹងទំហំ ២ ២៨៨ ៧៩៦.៨ (ពីរលាន ម្ភៃប្រាំបីម៉ឺន ប្រាំបីពាន់ ប្រាំពីររយ កៅសិបប្រាំមួយ ក្បៀសប្រាំបី) ម៉ែត្រការ៉េមានទីតាំងស្ថិត នៅខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកែប។ សាលាដំបូងខេត្តកំពត ក៏កំពុងតែស្រាវជ្រាវស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទ ដែលពាក់ព័ន្ធបន្តទៀតផងដែរ។

៣៖ សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កកដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។

៤៖ សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យស្រាវជ្រាវនូវកម្ចី (បំណុល) របស់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបន្ថែមថា សាលាដំបូងខេត្តកំពត បានកំពុងបន្តឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា សារ៉ន និងបក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារ៉ន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបានអំពាវនាវសូមឱ្យបងប្អូន ប្រជាពលរដ្ឋ សាធារណជន មេត្តាសហការ ដោយរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីសាលាដំបូងខេត្តកំពត បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយ ប្រសិទ្ធភាព និងរកដំណោះស្រាយជូនភាគី ដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ៕