(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះអង្គការតុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមានបំណងចង់លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
ជាមួយគ្នានេះដែរ លោក ឌិត ទីណា បានលើកឡើងថា អង្គការតុកកែញញឹមកម្ពុជា គឺជាគំរូសហគមន៍មួយដ៏ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាពស៊ីចង្វាក់គ្នា និងល្អប្រសើរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ឱ្យអង្គការពិនិត្យលទ្ធភាព ក្នុងការចូលរួមការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវការធនធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និងអាចនាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។
ក្នុងការងារនេះ លោកបានបង្ហាញការចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថាកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និងការកែច្នៃអាហារគឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវឌ្ឍធនធានមនុស្សប្រកបទៅដោយចំណេះដឹង ចំណេះធ្វើ មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។
ជាថ្មីម្តងទៀត លោក ឌិត ទីណា បានកោតសរសើរ និងជឿជាក់ថាអង្គការតុកកែញញឹមកម្ពុជា នឹងបន្តអភិវឌ្ឍបេសកកម្មរបស់ខ្លួនតទៅមុខបន្ថែមទៀត ទូទាំងប្រទេសកម្ពុជា ហើយក្រសួងកសិកម្មនឹងជួយគាំទ្រដល់កិច្ចសហការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។
សូមជម្រាបជូនថា កិច្ចប្រជុំមានគោលបំណងពិភាក្សាអំពីគំនិតផ្តួចផ្តើមបង្កើតកម្មវិធីឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នាដែលពាក់ព័ន្ធជំនាញការកែច្នៃអាហារ និងជំនាញកសិ-ធុរកិច្ច និងការអភិវឌ្ឍជាចង្កោមសំដៅដល់ការបង្កើតភូមិអភិវឌ្ឍដែលមាន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ មុខរបរ កសិកម្ម សិប្បកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវ៕