(ភ្នំពេញ)៖ ដើម្បីជម្រះភាពមន្ទិលសង្ស័យ ដែលបានលើកឡើងមួយចំនួន ជុំវិញទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា «គ្មានការដោះដូរទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះឡើយ គឺមានតែពង្រីកសាខាបន្ថែមទៀត»។
បន្ថែមពីនេះ សម្តេចបានសង្កត់ធ្ងន់ថា គ្មានគោលការណ៍ណាមួយ ឱ្យមានការដោះដូរសាកលវិទ្យាល័យរបស់រដ្ឋនោះទេ មិនថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានតិចណូ ឬសាកលវិទ្យាល័យរដ្ឋផ្សេងទៀត មានតែពង្រឹកសាខាបន្ថែម ឆ្លើយតបនឹងកំណើននិស្សិត។
ការថ្លែងរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំបញ្ជាក់ថា គ្មានការដោះដូរទេ [ទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ]។ ថ្ងៃមុនផ្អើលគេដោះដូរតិចណូ គ្រាន់តែតិចណូបង្កើតសាខាបន្ថែម គេថាដោះដូរតិចណូ [...] គ្មានគោលការណ៍ណា ដោះដូរសាកលវិទ្យាល័យរដ្ឋទេ។ អត់មានការដោះដូរទីតាំងទេ មានតែពង្រីកសាខា បើកាន់តែរីកខ្លាំង ខ្ញុំជឿថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនមានតែ ៣សាខាទេ អាចមាន៤ ឬ៥ទៅថ្ងៃមុខ ហើយសូមជូនពរឱ្យរីកកាន់តែច្រើន»។
សម្តេចបវរធិបតីថ្លែងទៀតថា ការពង្រីកបន្ថែមសាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាន់តែច្រើន គឺបញ្ជាក់សារសាកលវិទ្យាល័យ កាន់តែបង្កើតបានជំនឿទុកចិត្ត ប្រកបដោយចីរភាព បញ្ជាក់ថាសាកលវិទ្យាល័យធ្វើការងារល្អ ទទួលបានចំនួនសិស្សចង់ចូលរឿងកាន់តែច្រើន។
សូមជម្រាបថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដែលចូលរួមយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយរហូតមកដល់ពេលនេះ សាកលវិទ្យាល័យមានទីតាំងចំនួន៣។ ចាប់តាមពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះបណ្តាលនិស្សិតសរុបចំនួនជាង ៦ម៉ឺននាក់ ដែលមាននិស្សិតស្រីជាង ២ម៉ឺននាក់។ ខណៈបច្ចុប្បន្ននិស្សិតកំពុងសិក្សា ឆ្នាំសិក្សា២០២៣-២០២៤ មានចំនួនជិត ៣ម៉ឺននាក់៕