(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភ ចំពោះអត្រានៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស ក្រុមបុរសរកស៊ីផ្លូវភេទ និងក្រុមអ្នកបំប្លែងភេទ។ ថ្វីត្បិតតែការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការគ្របដណ្តប់លើការថែទាំព្យាបាល និងប្រសិទ្ធភាពនៃការព្យាបាល ដែលយើងសម្រេចបានខ្ពស់រហូតដល់ ៩៨ភាគរយ នៃគោលដៅ ៩៥-៩៥-៩៥ (យើងសម្រចបាន៨៩-៩៨-៩៨) ក៏ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ បាននិងកំពុងជួបបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យយើងបន្តធ្វើអន្តរាគមន៍។ លទ្ធផលចុងក្រោយបានបង្ហាញថា ការថយចុះនៃការឆ្លងមេរោគអេដស៍ថ្មី មិនអាចឱ្យយើងឈានទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ដែលបានកំណត់ថា ឱ្យមានត្រឹមតែចំនួន២៥០នាក់ ក្នុងមួយឆ្នាំនោះឡើយ។ យើងសង្កេតឃើញថា មានការថយចុះនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមស្ត្រី។ ប៉ុន្តែការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមបុរសបែរជាមានការកើនឡើងទៅវិញ ជាពិសេសក្នុងចំណោមយុវវ័យកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ បន្ថែមលើនេះ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ក៏នៅមានអត្រាខ្ពស់នៅឡើយផងដែរ។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី បានធ្វើឡើងក្នុងឱកាសបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមប្រជាជនគន្លឹះ និងសមាជិកសមាជិកា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានគូសរំលេចបន្តថា ឆ្លងកាត់ការបង្ហាញពីវឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗ ដែលបានមកពីការអនុវត្តរបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទូទាំងប្រទេសនៅក្នុងអង្គសន្និបាតពេញមួយព្រឹកនេះ ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមថ្លែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិកសមាជិកា នៃអង្គសន្និបាតទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់គួរជាទីមោទនៈ។
លទ្ធផលដែលទទួលបានជាផ្លែផ្កាទាំងនេះ បានមកដោយសារយើងមានក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ត្រត្រឹមត្រូវមានក្របខណ្ឌគតិយុត្ត និងស្ថាប័នដែលបង្កើតបាននូវបរិយាកាសគាំទ្រ ដល់ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ សម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងនៅថ្នាក់ជាតិ នៅថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ សង្គមស៊ីវិល បណ្តាញប្រជាជនគន្លឹះ និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍។ ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោលដោយមិនបានទទួលការយកចិត្តទុកដាក់» ព្រមទាំងគោលការណ៍គ្រឹះក្នុងភាពជាអ្នកដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់ យើងត្រូវរួមគ្នាដឹកនាំ និងជំរុញការបង្ការលើក្រុមប្រជាជនគន្លឹះ ការផ្តល់នូវសេវាថែទាំនិងគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងការធ្វើការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល អ្នកពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិ ដើម្បីពង្រឹងសហគមន៍តែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ ស្របទៅនឹងគោលដៅទី៣ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) ដោយធានានូវការរស់នៅប្រកបដោយសុខភាពល្អ និងបង្កើនសុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ និងសម្រេចបានអត្រាគ្របដណ្តប់សុខភាពជាសកល ដោយរួមបញ្ចូលការការពារហានិភ័យហិរញ្ញវត្ថុ (Financial risk protection) ក្នុងការទទួលបានសេវាថែទាំសុខភាពសំខាន់ៗ ប្រកបដោយគុណភាពផងដែរ។
ឆ្លងតាមការពិភាក្សាយ៉ាងផុសផុល នៅក្នុងអង្គសន្និបាតពេញមួយព្រឹកនេះ លោកទេសរដ្ឋមន្រ្តីសូមចូលរួមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*ទី១, ធានាឱ្យបាននូវចីរភាព និងភាពធន់នៃការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនៅក្នុងឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេស និងធ្វើការបញ្រ្ជាប ព្រមទាំងបញ្ចូលសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់។
*ទី២, ពង្រឹងនិងពង្រីកសេវាបង្ការ ធ្វើតេស្ត និងថែទាំព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍រួមគ្នា ជាពិសេសលើក្រុមប្រឈម និងក្រុមយុវវ័យនៅតាមសហគមន៍ ដោយអនុវត្តនូវការប្រើប្រាស់ស្រោមអនាម័យ១០០% លេបថ្នាំបង្ការជាមុនការប្រព្រឹត្តិប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) វិធីលេបថ្នាំបង្ការក្រោយពេលមានការប្រព្រឹត្តិប្រឈមនឹងការឆ្លងមេរោគអេដស៍ (PEP) និងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង (HIV Self-Testing) រួមនឹងការប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ។
*ទី៣, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងខិតខំធានាឱ្យបាននូវការសម្របសម្រួល ជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ ដោយមានការចូលរួមប្រកបដោយបរិយាបន្នពីមូលដ្ឋាន និងសហគមន៍ដែលត្រូវធ្វើជាម្ចាស់ ព្រមទាំងផ្តោតលើប្រជាពលរដ្ឋជាធំ ដើម្បីធានាបាននូវភាពធន់និងចីរភាព។
*ទី៤, រក្សាស្រោមអនាម័យឱ្យមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលត្រូវការប្រើប្រាស់ប្រកប ដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ក្រុមយុវវ័យ ដែលរួមភេទដូចគ្នាឱ្យទៅធ្វើតេស្តរកមេរោគអេដស៍ និងប្រើប្រាស់កម្មវិធីបង្ការការចម្លងមេរោគអេដស៍ តាមរយៈការប្រើស្រោមអនាម័យ ១០០% នៅរាល់ពេលរួមភេទជាមួយដៃគូ ជាពិសេសដែលមិនស្គាល់ប្រវត្តិ។
*ទី៥, ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គមសម្រាប់ក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ និងបង្កើតបរិយាកាសអំណោយផលដ ល់ការទទួលបាននូវសេវាព្យាបាល និងថែទាំជំងឺអេដស៍ សេវាគាំទ្រសុខាភិបាលនានា ព្រមទាំងសេវាគាំទ្រផ្នែកច្បាប់ និងសង្គមផ្សេងទៀតប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍។
*ទី៦, សូមអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្ម និងគាំទ្រខ្លាំងក្លាដល់បុគ្គលិកសុខាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ក្រុមប្រជាជនគន្លឹះ ដើម្បីធ្វើការជាមួយគ្នាដោយជិតស្និទ្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅឆ្ពោះទៅការបិទបញ្ចប់អេដស៍នាពេលខាងមុខ។
លោកទេសរដ្ឋមន្ត្រី មានសេចក្តីសង្ឃឹមជឿជាក់ថា អនុសាសន៍ទាំងអស់ខាងលើនឹងអាចយកទៅប្រើប្រាស់ជាចលករ ក្នុងការអនុវត្តគម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ក្នុងឆ្នាំខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕