(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នា២០២៤ បានស្នើឱ្យតាមវត្តអារាមធ្វើការបណ្ដុះបណ្ដាលអាចារ្យ ដែលមានស្រាប់នៅក្នុងវត្តនោះ ហើយសូមកុំរង់ចាំតែការបណ្ដុះបណ្ដាលពីក្រសួងធម្មការ និងសាសនានោះទេ។

ការថ្លែងបែបនេះរបស់សម្ដេច ធ្វើឡើងនាឱកាសដែល សម្ដេច បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការអាចារ្យកាន់តែច្រើន ហើយឥឡូវពេលនេះម៉ោងនេះសំឡេងភ្លេងមិនដឹងភូមិណាប៉ុន្មានទេ តេជគុណ ស្រុកខ្មែរយើងគេហាមមិន​ឱ្យការពេលចូលវស្សា ពេលចេញវស្សាហើយគេការហើយ ហើយពេលការហ្នឹងតម្រូវការអាចារ្យ ...ត្រូវការអាចារ្យការ អាចារ្យខ្មោច អាចារ្យសូត្រមន្តធ្វើបុណ្យសង្ឃទាន គឺត្រូវការអាចារ្យច្រើនណាស់។

ជាមួយគ្នានេះ សម្ដេច បានថ្លែងគូសបញ្ជាក់ថា «ព្រះសង្ឃកាន់តែច្រើន តម្រូវការអាចារ្យកាន់តែច្រើន ចឹងសូមឱ្យតាមវត្តអារាមនីមួយៗក៏បណ្ដុះបណ្ដាលអាចារ្យ ដោយយកអាចារ្យតកុកអែប អាចារ្យមានអាចារ្យវត្តស្រាប់ អ៊ីចឹងទេព្រះតេជគុណតាមវត្តនីមួយៗ គួរតែត្រូវបានបណ្ដុះបណ្ដាលអាចារ្យ ដើម្បីជំនួសអាចារ្យចាស់ដែលគាត់មិនអាចធ្វើការទៅបាន យើងមានអាចារ្យថ្មីមកជំនួស ដោយមិនរង់ចាំបំពេញតែពីអាចារ្យដែលបណ្ដុះបណ្ដាលដោយក្រសួងធម្មការ និងសាសនាទេ នៅតាមទីវត្តអារាមនីមួយៗអាចទទួលបានការបណ្ដុះបណ្ដាលសម្រាប់អាចារ្យ»