(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រខែ អកអំបុក ដែលបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ទៅដោយ បន្សល់នូវអនុស្សាវរីយ៍ដ៏សែនសប្បាយរីករាយ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាប្រារព្ធព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាមួយនឹងកំណើនភ្ញៀវទេសចរមកពីអឺរ៉ុបយ៉ាងច្រើនបានមកដើរលេងកម្សាន្តនៅកម្ពុជា។

ការថ្លែងអំណរគុណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រុមការងារ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមយុវជនស្ម័គ្រចិត្ត ក្រុមហ៊ុនក្នុងវិស័យឯកជនទាំងអស់ ដែលបានសហការរួមគ្នា ឆ្នាំនេះ (ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក) យើងរៀបចំធំ ឆ្នាំនេះមនុស្សមកច្រើនគ្រាន់តែចំណុះទូកជាង២ម៉ឺននាក់»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមកាលពិតរដ្ឋាភិបាលមិនអាចរៀបចំព្រឹត្តិការណ៍ធំ២ឆ្នាំជាប់គ្នានោះទេជាទូទៅ ខណៈនៅឆ្នាំ២០២៣ កម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ធំ គឺខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ លើកទី៧០ ប៉ុន្តែ នៅឆ្នាំ២០២៤នេះ ក៏ជាខួបលើកទី២០ព្រះវស្សានៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ ហើយក៏ជារៀបចំដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីនបុ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ដោយមិនសកម្មភាពអសន្តិសុខណាកើតកើតគួរឱ្យកត់សម្គាល់នោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកភាពជោគជ័យយ៉ាងត្រចេះត្រចង់របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ បង្ហាញពីភាពកក់ក្តៅ ការរួបរួមគ្នាជាធ្លុងមួយក្នុងស្មារតីជាតិតែមួយនៅក្រោមម្លប់នៃសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ព្រមទាំងប្រជាពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈ បង្ហាញទឹកមុខសប្បាយរីករាយ ទទួលយកនូវអ្វីដែលកម្ពុជា កំពុងមានបច្ចុប្បន្ននេះ ស្តែងឡើងតាមរយៈព្រឹត្តិការណ៍ជាតិសំខាន់ៗ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាច្រើនកុះករ ខណៈភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុប មកដើរកម្សាន្តនៅកម្ពុជា ពិសេសក្នុងព្រះរាជពិធីអុំទូក នៅរាជធានីភ្នំពេញ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។

«ទេសចរណ៍ក៏មកច្រើន គ្រួសារខ្ញុំ មកពីក្រៅ ថាកាប៉ាហោះអាធំ ហោះពីសាំងហ្គាពួរ ពេញសុទ្ធអឺរ៉ុប ហើយសួរទៅគេថា មកលេងអុំទូក រាល់ដងគេមកស្រុកខ្មែរ គេអត់ដឹងកម្មវិធី តែលើកនេះ មួយចំនួនគេថា មកលេងអុំទូក គេថាផ្សព្វផ្សាយរបស់យើង គេដឹង ចឹងគេមកសម្រាប់ពេលនឹង។ នៅសៀមរាប គេថាពេលអុំទូក គឺជាពេលមួយដែលអ្នកនៅក្រៅរាជធានី បុកមកភ្នំពេញ ហើយអ្នកភ្នំពេញរត់ចេញទៅក្រៅ (ទៅតាមបណ្ដាខេត្ត)»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបរវធិបតី ហ៊ុ នម៉ាណែត។

ជាមួយនឹងភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់ការជួយផ្សព្វផ្សាយលើវិស័យទេសចរណ៍ បងប្អូនប្រជាជន គឺជាអ្នកជួយផ្សព្វផ្សាយអំពីកម្ពុជា ហើយសមិទ្ធផលថ្ងៃនេះ គឺជាការអបអរសមិទ្ធផលរួមគ្នា។ សម្ដេចក៏ទទូចឱ្យប្រព័ន្ធផ្សព្វផ្សាយ ពិសេសអ្នកប្រើបណ្ដាសង្គម បន្តរួមគ្នាផ្សព្វផ្សាយទស្សនៈវិជ្ជមានល្អៗអំពីវិស័យទេសចរណ៍របស់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត សំដៅទាក់ទាញទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា។

គួរឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និង អន្តរជាតិជិត ៨លាននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា កើនឡើង ២១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

បើតាមរបាយការណ៍សរុបរយៈពេលបីថ្ងៃ១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ៧,៧៦លាននាក់ (៧,៧៥៥,០៩២នាក់) កើនឡើង ២១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទេសចរបរទេសសរុបប្រមាណ ៩ម៉ឺននាក់ (៨៩,២៩៦នាក់) កើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេមានចំនួន ៥ គឺ រាជធានីភ្នំពេញ ទទួលបានទេសចរជាតិ ៦,២៣៩,៦៨៩នាក់ និងទេសចរអន្តរជាតិ ប្រមាណ ៥២,៤៩៨នាក់។ សៀមរាប ទេសចរជាតិ ប្រមាណ ៣៣៥,០០០នាក់ ទេសចរអន្តរជាតិ ប្រមាណ ១៣,២២៩នាក់។ ព្រះសីហនុ ទេសចរជាតិប្រមាណ ៣០៣,៣៨២នាក់ ទេសចរបរទេស ប្រមាណ ៨,០៩០នាក់ និងមានប៉ៃលិន កំពត ជាដើមដែលទទួលបានទេសចរច្រើន៕