(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្នកដែលនិយាយថា ក្នុងរយៈពេលមួយឆ្នាំជាងនេះ រាជរដ្ឋាភិបាល មិនបានធ្វើអ្វីសោះ ព្រោះអ្នកនោះ មិនព្រមបើកភ្នែកមើល អំពីការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះថា មួយឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្ដេច​បានទៅសម្ពោធរោងចក្រ TOYOTA និងរោងចក្រថ្មីៗជាច្រើន ដែលបានមកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើត​ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែងទៀតផង។

ពាក់ព័ន្ធនឹងបញ្ហា មានរោងចក្រខ្លះបានបិទទ្វារនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានការទទួលស្គាល់ ប៉ុន្ដែទន្ទឹមគ្នានោះ ក៏មានរោងចក្រថ្មីៗជាច្រើន បានបើកជាបន្ដបន្ទាប់ដូចគ្នាផងដែរ ហើយសម្ដេច បានលើកឡើងថា នៅគ្រប់ប្រទេសទាំងអស់ គឺសុទ្ធសឹងតែមានស្ថានភាពបែបនេះដូចគ្នា។

លើសពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិននៅស្ងៀមនោះទេ គឺត្រូវពង្រឹងភាពប្រកួតប្រជែងបន្ថែមទៀត តាមរយៈការដាក់ចេញ គោលនយោបាយជាក់ស្ដែង ហើយអ្វីដែលធំបំផុត គឺធនធានមនុស្ស។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅពេលដែលសម្ដេច ជួបជាមួយក្រុមហ៊ុនជប៉ុន នាពេលម្សិញមិញ គឺខាងក្រុមហ៊ុនជប៉ុន មានការបណ្ដុះបណ្ដាលនៅក្នុងស្រុក ហើយថែមទាំងបណ្ដុះបណ្ដាល គុណភាពអ្នកជំនាញនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារ នៅក្នុងប្រទេសជប៉ុនផងដែរ។

សូមបញ្ជាក់ថា រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ ជាង៥ពាន់លានដុល្លារអាមេរិក ដែលបង្កើតបានឱកាសការងាររហូតដល់ ២៦៨,២៤២កន្លែង៕