(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យក្រសួងធម្មការ និងសាសនា សហការរៀបចំជាមួយព្រះសង្ឃ និងអាជ្ញាធរ ដើម្បីទិញដីទុកសម្រាប់ប្រជាពលរដ្ឋធ្វើចេតិយ ខណៈបច្ចុប្បន្នដីរបស់វត្តហាក់ចង្អៀតណែនដោយសារចេតិយរបស់ប្រជាពុទ្ធបរិស័ទ។

សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សំណាងល្អបច្ចុប្បន្ននៅទីវត្តអារាមមានកន្លែងសម្រាប់ធ្វើចេតិយបាន ប៉ុន្តែនៅពេលខាងមុខគ្មានកន្លែងធ្វើចេតិយទេ [...] ដូច្នេះអាចជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេកដើម្បីពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែក្នុងវត្តរបៀបនេះណា រើកុដលោកធ្វើចេតិយក៏មានដែរ»

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា បច្ចុប្បន្ននៅតាមទីធ្លាវត្តអារាមហាក់មានសភាពចង្អៀតណែន និងមានចេតិយគ្របដណ្ដប់លើទីធ្លាវត្តអារាមស្ទើរ៥០ភាគរយ ទៅហើយ ដូច្នេះគួរគិតគូរទុកជាមុន ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋអាចជាវដីទៅធ្វើចេតិយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចិនមានកន្លែងសម្រាប់ធ្វើមុង ហើយកម្ពុជាក៏អាចមានកន្លែងសម្រាប់បញ្ចុះការធ្វើចេតិយផងដែរ ចំពោះរឿងមច្ឆាវិញមិនពិបាកនោះទេ។ ក្នុងន័យនេះ សម្ដេចបន្តថា ការរៀបចំបែបនេះមិនមែនជាផ្នូរខ្មោចរួមដូចសម័យ ប៉ុល ពតទេ ប៉ុន្តែជាទីកន្លែងសម្រាប់ជួបជុំគ្រួសារដែលមានអាទិភាពយកទៅដាក់រួមផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យតាមវត្តអារាម ធ្វើការបណ្ដុះបណ្ដាលអាចារ្យដែលមានស្រាប់ ដើម្បីបង្កើននូវធនធានអាចារ្យដែលមានសមត្ថភាពបន្ថែមទៀត កុំរង់ចាំតែការបណ្ដុះបណ្ដាលរបស់ក្រសួងធម្មការ និងសាសនា។ សម្ដេចបន្ដថា កន្លងទៅបន្ទាប់ពីការប្រកាសរបស់សម្ដេច សង្កេតឃើញថា ការងារបណ្ដុះបណ្ដាលអាចារ្យ អាចារ្យនី ក៏មានការកើនឡើង ហើយវិបត្តិកង្វះអាចារ្យក៏លែងមានទៀតដែរ៕