(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងស្នើឱ្យក្រសួងធម្មការ និងសាសនា និងក្រុមពិធីការរៀបចំឡើងវិញនូវអាសនៈក្រមសង្ឃ ដោយហេតុថា អាសនៈក្រមសង្ឃដែលកំពុងរៀបចំ​​សព្វថ្ងៃនេះមិនត្រូវទាល់តែសោះ ដោយសារការរៀបចំទៅតាមគោរមងារ មិនមែនការរៀបចំទៅតាមតួនាទីនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «​ខ្ញុំព្រះករុណាខ្ញុំ ស្នើឱ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាពិធីការរៀបចំឡើងវិញនូវអាសនៈក្រមសង្ឃ ដោយសារការរៀបចំពិធីការសព្វថ្ងៃនេះ​កំពុងរៀបចំពិធីការ​ទៅតាមគោរពងារ មិនមែនរៀបចំពិធីការតាមតួនាទីនោះទេ [...] ខ្ញុំសូមធ្វើការកែតម្រូវ ត្រង់ថាអាសនៈក្រមសង្ឃដែលកំពុងរៀបចំគឺរៀបចំតាមគោរពងារ មិនមែនរៀបចំតាមតួនាទីនោះទេ ដែលនេះមិនត្រូវទាល់តែសោះ»

សម្ដេចតេជោ ហ៊ុន សែន បាន​បន្ថែមថា សព្វថ្ងៃនេះសម្តេចមើលឃើញថា អាសនៈក្រមសង្ឃ ពេលខ្លះគឺបានឱ្យព្រះអនុគណ នៅមុខព្រះមេគណ គឺមិនត្រូវទាល់តែសោះ, សម្តេចបានលើកឡើងថា នៅពេលដែល​សម្តេចចូលទៅក្នុងព្រះបរមរាជវាំង បានសង្គេតឃើញសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៏ ចន្ទថុល អង្គុយពីខាងលើសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងព្រះមេគណរាជធានីភ្នំពេញ ដែលការរៀបចំដូចនេះគឺមិនត្រឹមត្រូវនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យស្នើក្រសួងធម្មការ និងសាសនា ពិនិត្យពីបញ្ហាអាសនៈក្រមសង្ឃនេះឡើងវិញ ដោយរៀបចំឱ្យបានត្រឹមត្រូវនិងរៀបចំតាមតួនាទី និងមែនគ្រាន់តែទទួលបានគោរពងារខ្ពស់ ហើយការរៀបចំអាសនៈត្រូវតែនៅខាងមុខនោះទេ។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រឿងអាសនៈក្រមសង្ឃនេះត្រូវតែរៀបចំដូរឡើងវិញ ហើយរឿងនេះជារឿងរបស់ក្រសួងធម្មការ និងសាសនា និងក្រុមពិធីការ ត្រូវចាត់ចែងរៀបចំ​ផ្លាស់ប្តូរ ហើយការរៀបចំកន្លងមកគឺខុសរឿងហើយ ដោយបានរៀបចំទៅតាមគោរពងារមិនមែនរៀបចំទៅតាមតួនាទី ដូចនេះសូមកែរតម្រូវឡើងវិញ៕