(ភ្នំពេញ)៖ ជាមួយនឹងលើកឡើងអំពីបញ្ហាគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ហើយកំពុងត្រូវបានបំផុសបំផុលបង្កើតជម្លើយដោយក្រុមជ្រុលនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើឱ្យបាត់បង់ទឹកដីនោះឡើយ។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី អញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវរធិបតី បានលើកឡើងដូច្នេះថា៖ «ការចរចាព្រំដែនេះ គឺយើងត្រូវការពេលវេលា និងត្រៀមលក្ខណៈគ្រប់ពេល នេះគឺជាការទទួលខុសត្រូវរបស់យើង ហើយយើងមិនធ្វើឱ្យបាត់នូវដែនដីរបស់យើង ឬអធិបតេយ្យភាពរបស់យើងទេ កិច្ចការព្រំដែន និងសូមការធានាមួយនេះ សូមបងប្អូនជឿទុកចិត្តចុះ»

សម្តេចបានថ្លែងថា អ្នកដែលស្រែកថា រាជរដ្ឋាភិបាលមិនមាត់មិនអើពើ គឺយើងចង់ប្រាប់ត្រឡប់ទៅវិញថា គឺរាជរដ្ឋាភិបាលប្រកាន់យកជំហរចាស់ទុំ មិនចេះតែលោតលិចកើតតាមគេនោះទេ ​បើអ្នកនយោបាយចាស់វស្សាដែលបន្តិចលោតចុះលោតឡើង សូមកុំឱ្យក្មេងលោតតាម ទុកចរិតនេះសម្រាប់ប្រើខ្លួនឯងទៅបានហើយ។

សម្តេចបានលើកឡើងដែរថា ពាក់ព័ន្ធនឹងបញ្ហាកោះគុត គឺរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងចរចា ហើយមិនទាន់មានឯកភាពគ្នានៅឡើយ។ ដូច្នេះការនិយាយថា កោះគុតបាត់​បង់ទៅខាងភាគីថៃនោះ គឺជារឿងមិនត្រឹមត្រូវ តើបាត់ទៅណាបើភាគីទាំងពីរមិនទាន់ឯកភាពគ្នាផងនោះ។​

សម្តេចបានបន្តបញ្ជាក់ថា រឿងរដ្ឋាភិបាលមិនប្រតិកម្ម ដោយសារតែរដ្ឋាភិបាលមានភាពចាស់ទុំ ដែលដោះស្រាយតាមយន្តការរដ្ឋ និងរដ្ឋ ហើយមិនយកភ្លើងខាងក្រៅចូលមកក្នុង ហើយធ្វើសកម្មភាពផ្អែកលើគោលការណ៍ប្រាកដប្រជា។

សម្តេចបានបញ្ជាក់ទៀតថា ចំពោះបញ្ហាក្រុមប្រឆាំងមួយចំនួនដែលចង់ឱ្យគណៈកម្មការព្រំដែនចេញមុខបកស្រាយតាមបច្ចេកទេសនោះ ក៏ពុំទាន់ចាំបាច់នោះដែរ ដោយសារតែគណៈកម្មការជំនាញនេះកំពុងរៀបចំ និងមានឯកសារ សម្រាប់ការចរចា បើសិនជាបង្ហាញឯកសារបច្ចេកទេសទាំងនោះ ជាទង្វើល្ងង់ខ្លៅ ដែលប្រៀបបីដូចជាបើកសន្លឹកបៀរឱ្យដៃគូប្រកួតបានឃើញមុន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា ខណៈខាងប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលថៃធ្វើឱ្យបាត់មកខ្មែរ រីឯខាងប្រឆាំងខ្មែរចោទថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យបាត់ទៅថៃ គឺមិនឡូហ្ស៊ិក (Logic)នោះឡើយ៕