(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំងតំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤)។

ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរកសាងកម្លាំង លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ លោកប្រធានមន្ទីរភស្តុភារ លោកប្រធានមន្ទីរសម្ភារបច្ចេកទេស និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង០៩ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានលើកឡើងថា សន្តិភាព និងការអភិវឌ្ឍដែលបានមកដល់សព្វថ្ងៃនេះ ក៏មានការចូលរួមចំណែកពីនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលបានចូលនិវត្តន៍ ពិការ និងពលីមរណៈ ដើម្បីការពារជាតិមាតុភូមិ និងលះបង់គ្រប់បែបយ៉ាងផងដែរ។ ការលះបង់នេះហើយដែលនាំឱ្យប្រទេសជាតិឱ្យរួចផុតពីរបបដ៏ខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន។

លោកបានបញ្ជាក់ថា ជាមួយនឹងការលះបង់របស់បងប្អូនយោធិន ដើម្បីជាតិមាតុភូមិ ក៏ទទួលបាននូវការតបស្នងពីថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ពិសេសនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខទុក្ខរបស់បងប្អូន ពិសេសគឺយោធិនបានចូលនិវត្តន៍ និងគ្រួសារយោធិនដែលបានពលី ដោយនៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។

សូមបញ្ជាក់ថា យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី-មរណៈ ដែលបានចូលរួមពិធីសំណេះសំណាល សរុបចំនួន ៩២នាក់ ក្នុងនោះយោធិននិវត្តន៍ ៥១នាក់, ពិការ ១៥នាក់, គ្រួសារយោធិនពលី-មរណៈ ២៦គ្រួសារ។ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធ ២យួរ, ត្រីខ១យួរ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានឧបត្ថម្ភជាថវិកាបន្ថែមក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ៕