(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ សូម្បីតែប្រទេសមហាអំណាចក៏មានសំរាម ក៏មានប្រជាជនគ្មានទីជម្រកដែរ ប៉ុន្តែសូមប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកទេសចរឱ្យមកទស្សនា និងទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅប្រទេសយើងកាន់តែច្រើន។

ការថ្លែងបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចបវរធិបតីបានឱ្យដឹងថា ការឱ្យតម្លៃពិតប្រាកដពីស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព គឺនៅតែមានពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈការចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ជាក់ស្ដែងនាអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃមកនេះ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន សរុបទូទាំងប្រទេសមានដល់ជាង៧.៧៤លាននាក់ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកែបជាដើម។

សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់បណ្ដាអ្នកផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា មានដូចជាស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ អ្នកមានប្រជាប្រិយភាពលើបណ្ដាញសង្គម (Influencer) ដែលចូលរួមផលិតនិងផ្សព្វផ្សាយនៅតាម TikTok ក្ដី Facebook ក្ដី និងបណ្ដាញសង្គមដទៃទៀតក្ដី។ សម្ដេចបានបន្តថា ការជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ក្រុម Influencer គឺមានអ្នកទស្សនាច្រើនណាស់រាប់លាននាក់ និងចំណាយលុយតិចជាងការផ្សព្វផ្សាយនៅទូរទស្សន៍ CNN។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ពិតណាស់ គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ សូម្បីប្រទេសមហាអំណាចមួយដែលធំល្អក៏ដោយ ក៏នៅតែមានជ្រុងខ្លះក៏មានសំរាម ជ្រុងខ្លះក៏មានអ្នកអត់ផ្ទះនៅដែរ»

ទោះជាយ៉ាងណា ប្រជាពលរដ្ឋយើងត្រូវមានផ្នត់គំនិតវិជ្ជមាន និងចូលរួមផ្សព្វផ្សាយវិជ្ជមាន ហើយការ Share បន្តពីសំណាក់ប្រជាពលរដ្ឋ គឺជាការចូលរួមដ៏ធំធេងក្នុងការលើកម្ពស់កិត្តិយសជាតិ។ នេះជាការបន្ថែមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សម្ដេចបវរធិបតីបានបន្តថា តាមរយៈការជួយផ្សព្វផ្សាយ និងចែករំលែកបន្តនូវចំណុចវិជ្ជមាន ភាពទាក់ទាញ ចំណុចល្អៗ និងសក្ដានុពលទេសចរណ៍ក្នុងប្រទេស នឹងចូលរួមទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកទស្សនា និងបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើង៕