(ភ្នំពេញ)៖ ក្រុមហ៊ុនបារាំង EDF/GDF និងអង្គការកូដូខ្មែរមានគម្រោងរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំរបស់និយោជិកមកកាន់កម្ពុជា រួមជាមួយការងារសប្បុរសធម៌ដល់ប្រជាពលរដ្ឋនៅទីជនបទ ខណៈលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងនូវការពេញចិត្ត និងលើកទឹកចិត្តឱ្យដំណើរកម្សាន្តនៅកម្ពុជានេះស្នាក់នៅឱ្យបានយូរថ្ងៃ។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូនិយោជិកក្រុមហ៊ុនបារាំង EDF/GDF និងអង្គការកូដូខ្មែរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីស្នើសុំអនុសាសន៍ណែនាំក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍។
លោករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន EDF/GDF និងអង្គការកន្លងមក ដែលបានរៀបចំកញ្ចប់ដំណើរកម្សាន្តរបស់និយោជិករបស់ខ្លួនមកទស្សនា និងបំពេញការងារសប្បុរសធម៌ដល់ប្រជាពលរដ្ឋនៅទីជនបទ ដោយបង្កើតការងារ និងប្រាក់ចំណូលដល់សហគមន៍។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គការបន្តជួយរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំរបស់និយោជិកបារាំងមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនជាលំដាប់ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនបារាំងឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាជនបារាំងមកទស្សនានិងស្វែងយល់ពីប្រទេសកម្ពុជា ជាពិសេសទីតាំងអេកូទេសចរណ៍ដែលស្រស់ស្អាត និងធម្មជាតិពិតៗ៕