(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) ក្រោមគម្រោង Preserving Legacies បានរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃហានិភ័យដោយការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរ ដែលរៀបចំឡើងនៅស្នាក់ការនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់គម្រោង Preserving Legacies ដែលមានស្ថាប័ន ICOMOS, Climate Heritage Network អង្គការ WMF និង National Geographic Society បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្រ្តីចំនួន៣រូបរបស់អាជ្ញាធរជាតិអប្សរា និង១រូបទៀតមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ តាមអនឡាញ និងដោយផ្ទាល់នៅប្រទេសហ្សកដានី និងប្រទេសហ្វីលីពីន ដោយផ្តោតការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់លើតំបន់បេតិកភណ្ឌ។
លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាមានការយកចិត្តទុកដាក់ខ្ពស់ និងរៀបចំក្រុមការងារវាយតម្លៃហានិភ័យនៃការប្រែប្រួលអាកាសធាតុសម្រាប់រមណីយដ្ឋានអង្គរ។ បន្ថែមពីនេះ លោកអគ្គនាយករងបានណែនាំឱ្យសិក្ខាកាមទាំងអស់ដែលជាថ្នាក់ដឹកនាំ អ្នកអាស័្រយផល និងសហគមន៍រស់នៅក្នុងតំបន់អង្គរ យកចិត្តទុកដាក់រៀនសូត្រ និងស្វែងយល់ពីចំណុចសំខាន់ៗពីវាគ្មិន ដើម្បីយកចំណេះដឹងមកប្រើប្រាស់ក្នុងបុព្វហេតុអភិរក្សរមណីយដ្ឋានអង្គរឱ្យមាននិរន្តរភាព កាត់បន្ថយភាពងាយរងគ្រោះ និងផលប៉ះពាល់ដល់គុណតម្លៃលេចធ្លោជាសកលផ្នែកប្រវត្តិសាស្រ្ត វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន ដែលកើតឡើងដោយការប្រែប្រួលអាកាសធាតុជាសកលនេះ។
លោកស្រី Victoria Hermann នាយកគម្រោង Preserving Legacies បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ក្នុងភាពជាដៃគូដើម្បីអនុវត្តន៍គម្រោងបណ្ដុះបណ្ដាលខាងលើ។ លោកស្រីបន្តថា ការថែរក្សាមរតកបេតិកភណ្ឌ ឱ្យមាននិរន្តរភាព គឺមានសារសំខាន់ណាស់សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងទៅអនាគត ហើយការសិក្សាពីការគ្រប់គ្រងអាកាសធាតុនឹងជួយឱ្យយើងមានភាពឈ្លាសវៃដើម្បីការពារ និងអភិរក្សមរតកវប្បធម៌នានាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយទៀត។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សាផ្ទាល់នៅតាមប្រាសាទ និងការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរផងដែរ៕