(សៀមរាប)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នឹងចូលមកដល់នាសប្ដាហក្រោយ ពោលគឺនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងចូលរួមរត់ដោយផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ទន្ទឹមជាមួយការផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមពីសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីនេះ បានជំរុញឲ្យការចុះឈ្មោះចូលរួមរត់មានកំណើនយ៉ាងគំហុក បើធៀបនឹងឆ្នាំមុនៗ ពោលគឺគិតត្រឹមកាលបិទទទួលពាក្យកាលពីថ្មីៗ ទទួលបានអ្នកចុះឈ្មោះចូលរួមសរុប ១៤,០០០នាក់ ដែលជាចំនួនបំបែកឯកត្ដកម្មអ្នកចូលរួមរត់រយៈពេលជិត ៣ទសវត្សរ៍កន្លងមក។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេស ដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងផ្ដល់កិត្តិយសដ៏ឧត្ដុង្គឧត្តមអញ្ជើញចូលរួមក្នុងពិធីបើក និងចូលរួមរត់ចម្ងាយ ៥គីឡូម៉ែត្រ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអត្តពលិកជាតិ និងអន្ដរជាតិ បានចុះឈ្មោះចូលរួម និងអបអរសាទរ រហូតបំបែកឯកត្ដកម្មរយៈពេល ២៨ឆ្នាំកន្លងមក។
លោកបន្ដថា «ឆ្នាំនេះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គររបស់យើង បានបំបែកឯកត្តកម្មអ្នកចូលរួមច្រើនជាងគេបំផុត គឺបានរហូតដល់ ១៤,០០០នាក់ ដែលជាចំនួនមិនធ្លាប់មាន ជាមួយកំណើនអ្នកចូលរួមយ៉ាងគំហុក អាចនិយាយបានថា ដោយសារវត្តមានដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់សម្ដេចបវរធិបតី និងរាជរដ្ឋាភិបាលថ្មី ប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបរទេស គេគាំទ្រ និងផែនការទាក់ទាញទេសចរណ៍នៅអង្គរវត្ត ក៏ទទួលបានការគាំទ្រដែរ»។
តាមរយៈកំណើនអ្នកចូលរួមដ៏ច្រើនមិនធ្លាប់មាននេះ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធាន NOCC បានជំរុញដល់ក្រុមការងារពាក់ព័ន្ធ ពិសេសគណៈកម្មការជំរុញ ត្រៀមអនុវត្តការងារឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ ក៏ដូចជាសុខសុវត្ថិភាព ដល់អត្តពលិកចូលរួមរត់ទាំងអស់។ លោក វ៉ាត់ ចំរើន បន្ថែម។
លោកបានសង្កត់ធ្ងន់ថា «នេះគឺជាជោគជ័យដ៏ត្រចះត្រចង់មួយ មិនមែនតែផ្នែកកីឡាទេ តែជាជោគជ័យមួយ សម្រាប់ផ្នែកទេសចរណ៍ ក៏ដូចជាជោគជ័យមួយក្នុងការចាក់បញ្ចូលចរន្ដសេដ្ឋកិច្ចរបស់យើងផងដែរ»។ ជាក់ស្ដែងយោងតាមកិច្ចប្រជុំគណៈបញ្ជាការរួម កាលពីថ្មីៗ បច្ចុប្បន្នសណ្ឋារគារលំដាប់ផ្កាយ នៅក្រុងសៀមរាប មិនថាផ្កាយ៣ ផ្កាយ៤ផ្កាយ៥ ឬសណ្ឋាគារផ្សេងទេ ត្រូវបានកក់ពេញអស់ហើយ។ នេះគឺជាការជួយជំរុញយ៉ាងខ្លាំងសម្រាប់ផ្នែកសេដ្ឋកិច្ច តាមរយៈការស្រូបបានអ្នកចូលរួមជាង ១ម៉ឺននាក់ ក្នុងពេលតែមួយបែបនេះ។
លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមទៀតថា «ការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី នឹងធ្វើឲ្យទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ កាន់តែមានប្រជាប្រិយភាព និងមានគុណភាពល្អ ទាំងការរៀបចំ ការទាក់ទាញភ្ញៀវ ក៏ដូចជាការរក្សាសុវត្ថិភាពផ្សេងៗទៀត កាន់តែប្រសើរ ដែលនឹងធ្វើឲ្យអន្ដរជាតិមើលឃើញនូវការទទួលបដិសណ្ឋារកិច្ច មើលឃើញអំពីសុខសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងកម្លាំងថាមពលថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងរយៈពេលជាង ១ឆ្នាំនេះ ពិតជាមានសមិទ្ធផលថ្មីៗដ៏អស្ចារ្យ ដែលបានបង្កើតឡើង ហើយនឹងបន្ដការរីកចម្រើនទៅថ្ងៃក្រោយទៀត»។
តាមរយៈនេះដែរ គណៈកម្មការជំនាញ ដែលដឹកនាំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ និងកងកម្លាំងប្រដាប់អាវុធ នៃខេត្តសៀមរាប នឹងប្ដេជ្ញារួមគ្នា ខិតខំប្រឹងប្រែងធ្វើយ៉ាងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ ជូនដល់អត្តពលិកជាតិ និងអន្ដរជាតិទាំងអស់ ដែលនឹងចូលរួមរត់កម្សាន្ដសប្បាយរីករាយ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
គួរដឹងថា ក្នុងចំណោមអត្តពលិក ១៤,០០០នាក់ ដែលត្រៀមចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត នាដើមខែក្រោយ គឺមានពលរដ្ឋខ្មែរជាង ១ម៉ឺននាក់ និងបរទេសជាង ៣ពាន់នាក់ ដែលមកពី ៨៧ប្រទេសលើពិភពលោក។ ក្រឡេកទៅមើលប្រវត្តិនៃការចូលរួមព្រឹត្តិការណ៍នេះច្រើនជាងគេ គឺកាលពីឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ ដែលមានអ្នកចូលរួមរត់ជាង ១២,០០០នាក់ ខណៈការរៀបចំលើកចុងក្រោយ កាលពីឆ្នាំ២០២៣ ក៏ទទួលបានអ្នកចូលរួមប្រមាណ ១០,២០០នាក់ដែរ៕