(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, លោកអគ្គលេខារងទី២, សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ទាំង២៥រាជធានីខេត្ត និងការសម្របសម្រួលពីមន្ត្រីនៃនាយកដ្ឋានទាំង៥ សរុប ១១៨នាក់។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានមានមតិណែនាំតម្រង់ទិស និងគោលបំណងនៃកិច្ចប្រជុំ ពិសេសធ្វើបទបង្ហាញស្ដីពីសមិទ្ធផលការងារកាកបាទក្រហមកម្ពុជា រយៈពេល១០ខែ ឆ្នាំ២០២៤។ បន្ទាប់មកក៏មានពិភាក្សាជាក្រុមក្រោមប្រធានបទ «សមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ ការអភិវឌ្ឍស្ថាប័ន ព្រមទាំងទិសដៅការងារប្រចាំឆ្នាំ២០២៥ តាមវិស័យអាទិភាពនីមួយៗ»។ លើសពីនោះពិនិត្យផ្ទៀងផ្ទាល់ការងារកន្លងមក ដើម្បី
ដឹងថាបានធ្វើអ្វីខ្លះសម្រេចតាមផែនការ ឬលើសផែនការ និងចំណុចបញ្ហាដែលយើងមិនអាចធ្វើទៅផែនការដែលបានដាក់កន្លងមកបាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងទៀតថា «តាមរយៈពិភាក្សាខាងលើនេះ គឺបានពិនិត្យផ្ទៀងផ្ទាត់ឱ្យឃើញថា សាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានីខេត្ដ គឺមានសាខាភាគច្រើន បានអនុវត្ដបានពី៦៥% -៨៥% ក្នុងនោះក៏មានសាខាខ្លះបានអនុវត្ដលើសពីផែនការ ដោយការងារមួយចំនួននោះ យើងមិនបានគ្រោងទុក តែមានសារៈសំខាន់ស្របទៅនឹងបរិបទថ្មី និងតម្រូវការថ្មី ដែលយើងត្រូវតែធ្វើ ។ប៉ុន្ដែនៅក្នុងនោះយើងក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ»

សូមជម្រាបថា ទិសដៅការងារប្រចាំឆ្នាំ២០២៥ សមាជិក សមាជិកាក្នុងកិច្ចប្រជុំ ដែលបានបែងចែកជា ៧ក្រុមបានពិភាក្សា និងកំណត់បានសេចក្ដីព្រាងនៃទិសដៅការងារឆ្នាំ២០២៥ តាមវិស័យនីមួយៗក្នុងផែនការយុទ្ធសាស្ដ្រ ២០២១ -២០៣០ របស់កាកបាទក្រហមកម្ពុជា អនុលោមតាមបទពិសោធន៍អនុវត្ដការងារឆ្នាំ២០២៤កន្លងមក៕