(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាម៉ែ។ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត។ បើក្រសួង និងរាជធានី-ខេត្ត ដែលជាម៉ែ ជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្ត មិនធ្លាប់មានបញ្ហាទេ។

ការលើកឡើងបែបនេះរបស់លោក ឌិត ទីណា បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកម្មពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងពិធីនេះ លោក ញ៉ែម តារារិទ្ធ ត្រូវបានតែងតាំងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញជំនួសលោក ចាន់ រិទ្ធី ដែលចូននិវត្តន៍។

លោក ឌិត ទីណា ក្នុងឱកាសនោះ ក៏សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ អ្វីដែលយើងបានឃើញជាក់ស្តែងសំរាប់ព្រះរាជបុណ្យអុំទុក ដែលបានកន្លងទៅប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរភ្នំពេញ សហការជាមួយកងកម្លាំង រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សណ្ដាប់ធ្នាប់ល្អប្រសើរខ្លាំងណាស់ រហូតទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលថែមទៀត។

លោក ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថា សាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារ ពិតជាមិនទទួលបានជោគជ័យនោះទេ។

ក្នុងពិធីនោះលោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តបានយ៉ាងល្អ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ លោកបានលើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតា សម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលរាជធានី បានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការឲ្យបានល្អជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។

នៅក្នុងឱកាសនោះលោក ញ៉ែម តារារិទ្ធ បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត។ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។

លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះ ឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕