(គូឡាឡាំពួ)៖ តបតាមការអញ្ជើញរបស់លោក LOKE SIEW FOOK រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ពិនិត្យការអនុវត្តផែនការសកម្មភាព នៅក្នុងក្របខណ្ឌអាស៊ាន ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាព សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និង (២) ពិនិត្យផែនការសកម្មភាព ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងអនុម័តផែនការសកម្មភាព សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៥ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, និងអាស៊ាន-អាម៉េរិក។
ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក Dato’ Sri Haji Fadillah bin Haji Yusof ឧបនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចប្រជុំលើកទី៣០នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន៖ (១) ការដឹកជញ្ជូនផ្លូវគោក (២) ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ (៣) ការដឹកជញ្ជូនផ្លូវអាកាស និង (៤) កិច្ចសម្របសម្រួលការដឹកជញ្ជូន។
ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី៣០នេះ លោក ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេស ក៏ដូចជាការតភ្ជាប់កម្ពុជា ជាមួយប្រទេសជិតខាង និងក្នុងតំបន់ផងដែរ។
ជាលទ្ធផលកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន ៖ (១) ផែនការអាទិភាពប្រចាំឆ្នាំ២០២៥ (២) ការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធហោះហើរអូនស្តុបអូវើ (Own Stopover Right) រវាងចំណុចហោះហើរនានា នៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (៣) ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងអាស៊ាន-នូវែលសេឡង់ នៅក្នុងឆ្នាំ២០២៥ (៤) គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីយានយន្តអគ្គិសនីធុនស្រាល, (៥) គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីការដឹកជញ្ជូនទំនិញក្នុងទីប្រជុំជន (៦) គោលការណ៍ណែនាំអាស៊ាន ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យកំពង់ផែ និង (៧) គោលការណ៍ណែនាំអាស៊ាន ស្តីពីការធ្វើឌីជីថលកំពង់ផែ និងស្វ័យប្រវត្តិកម្ម ៕