(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មោទកភាពរបស់បញ្ញវន្ត គឺជាស្នាដៃ របបគំហើញថ្មី គឺធ្វើរួមគ្នា ដើម្បីផល ប្រយោជន៍មនុស្សជាតិទូទៅ ហេតុនេះហើយទើបសទ្ទានុក្រមនេះត្រូវបានរៀបចំបង្កើតឡើងតាមទម្រង់ឌីជីថល ដើម្បីងាយស្រួលនៅក្នុងដាក់បញ្ចូលបច្ចេកសព្ទថ្មីៗដែលត្រូវបានបង្កើត។
ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកអញ្ជើញប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដោយមានការអញ្ជើញ ចូលរួមពីសំណាក់សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកគណៈកម្មការជំនាញ និងសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១៤៦រូប។
លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា «មោទកភាពរបស់បញ្ញវ័ន្ត គឺជាស្នាដៃ គឺរបបគំហើញថ្មី គឺធ្វើរួមគ្នា ដើម្បីបង្កើតមកដើម្បីផលប្រយោជន៍មនុស្សទូទៅ គ្មានជាតិសាសន៍ណាមួយទេ»។ លោកបានគូសបញ្ជាក់សារជាថ្មីនូវ អនុសាសន៍ចំពោះដំណើរការក្រុមប្រឹក្សាជាតិភាសាខ្មែរគឺ «សុខចិត្តឱ្យយឺត ប៉ុន្តែត្រូវតែច្បាស់»។
ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា តម្លៃរបស់មនុស្សមិនមែនគ្រាន់តែបង្ហាញ និងថតស៊ែលហ្វីលនោះទេ តែគឺជាសមិទ្ធផលដើម្បីជាប្រយោជន៍រួម។ ជាក់ស្តែង តាមរយៈការប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលជាកិត្តិយសនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរ មិនដែលមានសទ្ទានុក្រមឯកទេសនោះទេ ខណៈបច្ចុប្បន្ននេះ កម្ពុជាមានសទ្ទានុក្រមចំនួន១២ ឯកទេស ដែលបានឆ្លុះបញ្ចាំងពីតម្លៃនៃវិទ្យាសាស្ត្រនីមួយៗ។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់អំពីប្រវត្តិ នៃការបង្កើតគណៈកម្មការជាតិភាសាខ្មែរ ដែលក្រោយមកបានក្លាយទៅជាក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងប្រជាជនខ្មែរគឺ វចនានុក្រមខ្មែរឆ្នាំ២០២២ ដែលមានបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល និងសទ្ទានុក្រមបច្ចេកសព្ទខ្មែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃថា សទ្ទានុក្រមបច្ចេកសព្ទទាំង ១២ឯកទេស សរុបមានចំនួន ៣,៤០៥ពាក្យ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចបាននាពេលនេះ ពិតជាមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ។
បន្ថែមពីលើនេះលោកបណ្ឌិត សុខ ទូច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូបំពេញការងារដ៏ស្វិតស្វាញ និងប្រកបដោយមនសិកាខ្ពស់របស់ព្រឹទ្ធាចារ្យ និងបញ្ញវន្តមួយចំនួនដែលមានវ័យចំណាស់ទៅហើយក្ដី ក៏នៅតែលះបង់ពេលវេលា និងខិតខំចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការបង្កើត និងអនុម័តបច្ចេកសព្ទនានាសម្រាប់ជាប្រយោជន៍ប្រជាជាតិខ្មែរ។
លោកបណ្ឌិត សុខ ទូច បានថ្លែងថា គុណតម្លៃនៃការរៀបចំពិធីនាឱកាសនេះគឺលទ្ធភាព និងសមត្ថភាពដែលខ្មែរអាចបង្កើតបច្ចេកសព្ទជំនាញឯកទេសប្រើប្រាស់នៅក្នុងមុខជំនាញនីមួយៗ។ សទ្ទានុក្រម និងបច្ចេកសព្ទដែលសម្រេចបានទាំងនេះ គឺជាការចូលរួមចំណែកនៅក្នុងការជំរុញឯកភាពភាសាខ្មែរ ហើយលោកបណ្ឌិតបានគូសបញ្ជាក់ពីមោទកភាពណាស់ ដែលខ្មែរមានភាសាផ្ទាល់ខ្លួននៅក្នុងបច្ចេកសព្ទនៃមុខជំនាញនានា។
លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា សមិទ្ធផលនេះពិតជាមានតម្លៃឥតកាត់ថ្លៃបាននោះទេ ហើយសមិទ្ធផលនេះនឹងបន្តអភិវឌ្ឍ និងនិរន្តរភាពនៃការអភិវឌ្ឍភាសាខ្មែរ។ បើតាមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានគូសបញ្ជាក់អំពីសមិទ្ធផលរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរថា មកដល់ពេលបច្ចុប្បន្ន ពាក្យសរុបរបស់គណៈកម្មការបច្ចេកទេសមានចំនួន ១៧,០៩៦ពាក្យ ក្នុងនោះក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពិនិត្យអនុម័តរួចរាល់ចំនួន ៣,៤០៥ពាក្យ និងនៅសល់ចំនួន ១៣,៦៩១ពាក្យទៀតកំពុងបន្តពិនិត្យអនុម័ត។
លោកបណ្ឌិតបានបន្តថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានពិនិត្យសម្រេចពាក្យដែលស្នើពីស្ថាប័ននានាបានចំនួន ៩២ពាក្យ ព្រមទាំងបានបោះពុម្ពផ្សាយព្រឹត្តិបត្រចំនួន ១៤លេខ សទ្ទានុក្រមបច្ចេកសព្វចំនួន ១០សៀវភៅវេយ្យាករណ៍ភាសាខ្មែរ គោលនយោបាយជាតិស្ដីពីភាសាខ្មែរ វចនានុក្រមខ្មែរឆ្នាំ២០២២ និងដំណើរការបច្ចុប្បន្នកម្មវចនានុក្រមខ្មែរឆ្នាំ២០២២។ ជាមួយគ្នានេះក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានបញ្ចូលពាក្យដែលបានអនុម័តជាទម្រង់ឌីជីថល ដែលមានសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ (ប្រើប្រាស់ក្នុងទូរសព្ទដៃ និងកុំព្យូរទ័) សុសវែរសទ្ទានុក្រមបច្ចេកសព្ទខ្មែរ (ប្រើប្រាស់ក្នុងទូរសព្ទដៃ និងកុំព្យូរទ័រ) និងសុសវែរតាមដានការប្រើប្រាស់ភាសាខ្មែរនៅលើរូបសញ្ញា (កំណែស្លាក និងការផ្សព្វផ្សាយ) ផងដែរ៕