(កណ្ដាល)៖ លោក សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះផលសម្រេចបាន និងការងារដឹកនាំរបស់មន្ទីរព័ត៌មានខេត្តកណ្ដាល ដែលមានការច្នៃប្រឌិតខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយស្ថាប័ននានា និងមន្ទីរជុំវិញខេត្ត ដែលធ្វើឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ ជូនក្រសួងនិងរដ្ឋបាលខេត្ត។

ការកោតសរសើរនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកណ្ដាល។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះមន្ត្រី និងបុគ្គលិកក្រោមឱវាទរបស់មន្ទីរព័ត៌មានខេត្តកណ្ដាលទាំងអស់ ដែលបានខិតខំបំពេញតួនាទី បានយ៉ាងល្អប្រសើរ ព្រមទាំងទទួលបានលទ្ធផលផ្លែផ្កា មានប្រសិទ្ធភាព និងគុណភាព។ ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្ថែមថា មន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ដោយមន្ទីរតែងតែផ្ដល់ការពិភាក្សា និងវគ្គបំប៉ននានាដល់មន្ត្រីជំនាញ ដើម្បីបំពេញការងារឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព មាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់បទពិសោធន៏ការងារជាច្រើនផ្សេងៗទៀតសម្រាប់មន្ដ្រីក្រោមឱវាទ។

ក្នុងកិច្ចប្រជុំនេះ ប្រធានមន្ទីរក៏បានដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលការិយាល័យទាំង៥ក្រោមឱវាទបានលើកឡើង ដើម្បីបង្កើនប្រសិទ្ធិភាពការងារសំដៅឆ្លើយតបកំណើនការងារក្នុងយុគ្គសម័យ DGT។

លោក សាន សំបូរី បានលើកទឹកចិត្ត និងជំរុញមន្ត្រីទាំងអស់ត្រូវបន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ច ស្របទៅតាមការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ត្រូវធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប សំដៅធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយព័ត៌មានការតែមានគុណភាព និងការពិតទៅកាន់មហាជនទូទៅបានដឹង។

លោកបានរំលឹកដល់មន្ត្រីជំនាញដែលកំពុងធ្វើការងារផ្នែកសាធារណៈមតិ គប្បីជំរុញបង្កើនទំនាក់ទំនងជាមួយមន្ទីរជុំវិញខេត្ត ស្រុក ក្រុង ដែលជាមូលដ្ឋានសំរាប់ផ្ទៀងផ្ទាត់ព័ត៌មានពិតប្រាកដ ងាយស្រួលយើងអាចក្តាប់បានថាតើព័ត៌មាន ដែលប្រភពផ្សេងៗ បានផ្សាយនោះ ពិត ត្រឹមត្រូវដែរឬទេ ពេលនោះ យើងមានលទ្ធភាព និងសមត្ថភាពអាចបំភ្លឺឬវាយបកអោយបានទាន់សភាពការណ៍ ដែលបច្ចុប្បន្នការងារវាយបកឆ្លើយបំភ្លឺ គឺជាកិច្ចការយ៉ាងសំខាន់នៃវិស័យព័ត៌មាន សំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ៕