(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ នៅស្រុកចុងកាល់ ក្រោមវត្តមានលោក លី វ៉ន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឃិន ញ៉ាណ អភិបាលរងខេត្ត តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាឱកាសនោះលោក លី វ៉ន បានលើកឡើងថា វេទិកានាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានខិតខំកសាងនាពេលកន្លងមក និងជម្រាបជូនអំពីតួនាទីរបស់គណៈអភិបាលខេត្ត និងតួនាទីរបស់ក្រុមប្រឹក្សាខេត្ត ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប។
បន្ថែមពីនេះវេទិកានេះ បានផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់ តម្រូវការ សំណូមពរដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអរសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍តាមមូលដ្ឋាន ដើម្បើឆ្លើយតបទៅនឹងគោលការណ៍ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានជម្រាបជូនអំពីរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ស្តីពីការអភិវឌ្ឍន៍រីកចម្រើនរ លើគ្រប់វិស័យចាប់ តាំងពីទីប្រជុំជន ក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនេះ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់សេវាសាធារណៈ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនៅបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធិភាព។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យនាពេលនេះ នៅស្រុកចុងកាល់ ក៏មានការចូលរួមលើកឡើង អំពីសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ ដូចជា៖បញ្ហអត្តសញ្ញាណបណ្ណ បញ្ហាកសិកម្ម បញ្ហាទំនាស់ដីធ្លី បញ្ហាផ្លូវ បញ្ហាទឹកស្អាត អគ្គិសនី បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងបញ្ហាផ្សេងៗជាច្រើនទៀត។
អង្គវេទិការបានស្រាយបំភ្លឺ និងសម្របសម្រួល ពីមន្រ្តីជំនាញពាក់ព័ន្ធនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងបានមួយចំនួន ហើយ មួយចំនួនទៀតដែលនៅសេសសល់ និងយកទៅធ្វើការប្រជុំពិភាក្សា ដោះស្រាយនៅពេលក្រោយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោលឡើយ៕