(បាគូ-អាសែបៃហ្សង់)៖ លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី សកម្មរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការ UN បានលើកឡើងថា កម្ពុជា គឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការ UNDP ប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក Marcos Athias Neto បានត្រូវបានអនុញ្ញាតជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់។ លោករដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍជាពិសេសកិច្ចការពារបរិស្ថាននិង ធនធានធម្មជាតិ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអាទិភាពក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាពស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យទន្លេសាបស្អាត ធានាបានចីរភាពបរិស្ថាន និងការត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយសារកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់រួចមកហើយនូវវិធានប្រតិបត្តិនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Marcos Neto បានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យ ក្នុងការងារការពារធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បាននឹងកំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើន សម្រាប់គាំទ្រកម្ពុជា តាមរយៈមូលនិធិអាកាសធាតុបៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និង UNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕