(ស្វាយរៀង)៖ លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងខេត្តស្វាយរៀង មានក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១,០០៣កន្លែង មានកម្មករនិយោជិតសរុប ១៤០,២០៩នាក់ ស្រី៨០,៧៥០នាក់ ប្រៀបធៀបឆ្នាំ២០២៣ ចំនួនរោងចក្រ សហគ្រាស កើន៤៥.៣៦% និងកម្មករនិយោជិតកើន៣១.៨៨%។
លោកបានបន្តថា ក្នុងឆ្នាំ២០២៤ ខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស កើនឡើងជិត៥០ភាគរយ និងកម្មករនិយោជិតកើនជាង ៣១ភាគរយ បើធៀបឆ្នាំ២០២៣។
លោក អូ សុខឿន បានឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥ វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកបានបន្តថា តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តស្វាយរៀង មានចំនួន៩កន្លែង មានរោងចក្រ សហគ្រាស សរុបចំនួន១៨៩ និងមានកម្មករនិយោជិត សរុបចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤៤៩៩នាក់ បរទេសចំនួន ២,៣៨៥នាក់ ស្រី ៥៥០នាក់។
ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាស សរុបចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន ២៥,៣៩៧នាក់។ ក្នុងនោះកម្មករនិយោជិតខ្មែរ ចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់៕