(កណ្ដាល)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿង នៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពកាន់តែលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គួច ចំរើន អភិបាល អភិបាលខេត្តកណ្តាល, លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តកណ្ដាល និងលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។

ក្នុងពិធីចុះហត្ថលេខានេះលោក គួច ចំរើន បានថ្លែងថា រដ្ឋបាលខេត្តបានក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ត់ចត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា​ កសាងសង្គមនីតិរដ្ឋប្រកបដោយភាពសុខដុមរមនា ហើយភាគច្រើននៃបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេល​កន្លងមក គឺពាក់ព័ន្ធវិវាទដីធ្លី។

លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងថា អ.ដ.ក គឺជាយន្តការបំពេញបន្ថែមក្នុងការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចូលរួមចំណែកក្នុងការបង្ខិតសេវា ដោះស្រាយវិវាទឱ្យកាន់តែខិតកៀកជិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួល ផ្សះផ្សាវិវាទជូនដល់គូភាគីបានដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះ-ឈ្នះ កាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណី នៅតាមសាលាជំរះក្ដី ព្រមទាំងរួមចំណែកលើកកម្ពស់ភាពសុខដុមរមនានៅក្នុងសហគមន៍ និងសន្តិភាព។

រដ្ឋលេខាធិការូបនេះបន្តថា ពិធីចុះហត្ថលេខាអនុស្សានៈ នៃការយោគយល់គ្នានេះ វាជាការពង្រឹងយន្តការនៃការផ្សព្វផ្សាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាការរួមចំណែកមួយបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពកាន់តែលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របតាមទិសដៅ និងចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ តួអង្គទាំងអស់ត្រូវប្រកាន់នូវក្រោមសីលធម៌វិជ្ជាជីវៈក្នុងការសម្របសម្រួល ផ្សះផ្សាវិវាទ ចៀសវាងឱ្យបាននូវការបង្ខិតបង្ខំ ការធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគី៕