(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលកាន់តំណែង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ពិធីផ្ទេរតំណែងនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បន្ទាប់ពីឥស្សរជនទាំងពីរ ត្រូវបានរដ្ឋសភាកម្ពុជា ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជា អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកក៏ធ្លាប់ជា រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ផងដែរ៕