(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ មួយចំនួនរបស់ អ.ដ.ក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និងលោក លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

*របៀបវារៈទី១៖ ការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់ អ.ជ.ក. ចន្លោះកិច្ចប្រជុំលើកទី៦ និងលើកទី៧, កិច្ចប្រជុំនៃ អ.ដ.ក. បានពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារសំខាន់ៗ របស់ អ.ដ.ក. ដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំលើកទី៦ និងលើកទី៧ ដូចខាងក្រោម៖

*ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.៖ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អ.ដ.ក. បាន ដោះស្រាយសំណុំរឿងចំនួន ៨៨ករណី ក្នុងចំណោមសំណុំរឿងសរុបចំនួន ៣៣៨ករណី ដោយក្នុងនោះសំណុំរឿងចំនួន ៣៧ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ, សំណុំរឿងចំនួន ២២ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ២៩ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួលផ្សះផ្សារបស់ អ.ជ.ក.។ ដោយឡែកសំណុំរឿងចំនួន ២៥០ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.។

*ការចុះផ្សព្វផ្សាយអំពីបេសកកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាល៖ អ.ដ.ក. បានចុះធ្វើសិក្ខាសាលា ផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់អាជ្ញាធរមូលដ្ឋាន និង មន្ត្រីពាក់ព័ន្ធ ប្រមាណជិត ១,៧០០នាក់ នៅខេត្តចំនួន ៨រួមមាន ខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្ត បន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពត។ ក្នុងឆ្នាំ២០២៤ នេះ អ.ដ.ក. នឹងបន្តចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តសៀមរាប។

*កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៖ អ.ដ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយស្ថាប័នចំនួន ៣រួមមាន៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម និងអង្គការនារីដើម្បីសន្តិភាព។ អ.ដ.ក. ក៏គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តកណ្តាល, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង និងរាជធានី-ខេត្តដទៃទៀតនាពេលឆាប់ៗខាងមុខ ដើម្បីរួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួលកាន់តែសម្បូរបែប និងកាន់តែខិតជិតប្រជាពលនៅមូលដ្ឋាន។

ទន្ទឹមនេះ អ.ដ.ក. ក៏បានធ្វើកិច្ចសហការ ផ្លាស់ប្តូរបទពិសោធន៍ការដោះស្រាយវិវាទ និងពង្រឹងសមត្ថភាពមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជាមួយ (១) អង្គការ Jica របស់ប្រទេសជប៉ុន, (២) Asian Institute of Alternative Dispute Resolution (AIADR) របស់ម៉ាឡេស៊ី និង(៣) ក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េ។

ជាលទ្ធផល កិច្ចប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ព្រមទាំងតួអង្គពាក់ព័ន្ធដែលបានអនុវត្តការងារ ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវរហូតឈានទៅសម្រេចបាននូវសមិទ្ធផលការងារខាងលើ។

*របៀបវារៈទី២៖ គម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើម ភាគតិចនៅភូមិភាគឦសាន និងនៅតំបន់ដាច់ស្រយាល

អ.ដ.ក. បានចុះទៅកាន់ខេត្តចំនួន ៤រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីសិក្សាស្រាវជ្រាវអំពីអភិក្រម ឬវិធីសាស្ត្រដែលអាចមានប្រសិទ្ធភាពសម្រាប់ធ្វើការដោះស្រាយវិវាទជូន ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅភូមិភាគឦសាន និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ ផ្អែកតាមលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវ និងផ្អែកលើភាពចាំបាច់ ព្រមទាំងសារៈសំខាន់នៃគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅភូមិភាគឦសាន និងនៅតំបន់ដាច់ស្រយាល, កិច្ចប្រជុំ អ.ដ.ក. បានសម្រេចទី១៖ គាំទ្រការរៀបចំគម្រោងខាងលើ ដោយបង្កើតឱ្យមានក្រុមការងារពិសេសមួយដើម្បី រៀបចំនិងអនុវត្តគម្រោងនេះ, ទី២៖ លើកកម្ពស់កិច្ចសហការក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិដែលមានការពាក់ព័ន្ធ និងអាជ្ញាធរប្រពៃណី ក្នុងការអនុវត្តគម្រោង និងទី៣៖ បើកទ្វារចំហជាអាទិភាពសម្រាប់គ្រប់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមអនុវត្តគម្រោង។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានដាក់ ចេញនូវទិសដៅការងារសំខាន់ៗ ដែលត្រូវអនុវត្តបន្តដូចតទៅ៖

*ពន្លឿនការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. តាមរយៈ(១) ការបង្កើនចំនួនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ, (២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងារ និងការទទួលខុសត្រូវរបស់មន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ និង(៣) ការលើកទឹកចិត្តដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ដែល នស្នាដៃល្អក្នុងការដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ។

*រៀបចំជាយន្តការចល័តក្នុងការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់មូលដ្ឋានដែលអាចរៀបចំជាគម្រោងសាកល្បង (Pilot Project) នៅក្នុងខេត្តគោលដៅណាមួយ។ ទន្ទឹមនេះ អ.ដ.ក. នឹងបន្តរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ទាំងកិច្ចប្រជុំបូកសរុប និងវាយតម្លៃវឌ្ឍនភាពការងាររបស់ អ.ដ.ក. ទាំងកិច្ចប្រជុំបច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.៕