(កំពង់ឆ្នាំង)៖ ករណីវិវាទដីធ្លីដ៏រាំរ៉ៃមួយករណីដែលមានរយៈពេលជាយូរឆ្នាំមកហើយ មកដល់ពេលនេះ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយ។ ករណីនេះធ្វើឲ្យលោកយាយម្នាក់ដែលបានអះអាងថា ជាជនរងគ្រោះត្រូវបានគេ គំរាមរំលោភយកដីអស់ជាច្រើនហិកតា ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ឲ្យជួយដោះស្រាយទៅតាមនីតិវិធីច្បាប់។ តែមកដល់ពេលនេះ លោកយាយអះអាងថា ពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។
លោកយាយ គឹម ហូយ អាយុ៦៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំ ងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា លោកយាយត្រូវបានអតីតយោធានៅខេត្ត កំពង់ឆ្នាំងម្នាក់ឈ្មោះ អេង ណារិន បានគំរាមរំលោភយកដីស្រែ និងដីចំការរបស់លោកយាយមួយកន្លែងទំហំជាង ៧ហិកតា ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលដីនោះលោកយាយ និងឪពុកបានកាប់គាស់ព្រៃ ដែលក្រុមសាមគ្គីចែកឱ្យអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីយកដីធ្វើស្រែ និងដាំដំណាំណ្ដែក។
បន្ទាប់ពីដីរបស់លោកយាយត្រូវបានលោក អេង ណា រិន គំរាមរំលោភយក, លោកយាយ និងឪពុកក៏បានប្តឹងផ្ទាល់មាត់មកចៅសង្កាត់ខ្សាម ឲ្យជួយដោះស្រាយជាបន្តបន្ទាប់ដែរ តែមិនមានដំណោះស្រាយឡើយ។ ទើបក្រោយមក លោកយាយក៏បានដាក់ពាក្យបណ្ដឹងជាលាយលក្ខអក្សរមកចៅសង្កាត់ខ្សាមម្ដងទៀត ដើម្បីឲ្យជួយដោះស្រាយយកដីជូនលោកយាយវិញ។ កាលណោះលោកចៅសង្កាត់ខ្សាម ក៏ធ្លាប់បានហៅភាគីទាំងសងខាងមកធ្វើការដោះស្រាយ និងសម្របសម្រួលផងដែរ។ តែភាគីលោក អេង ណារិន មិនយល់ព្រម ទើបនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ លោកយាយបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីសុំដីការរក្សាការពារដីទាំងអស់នោះជាបណ្ដោះអាសន្ន ដោយមានក្រុមមេធាវីរាជរដ្ឋាភិបាលស្ម័គ្រចិត្តជួយការពារក្តីជូនលោកយាយដោយមិនយកកម្រៃ។
បន្ទាប់ពីសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចចេញដីការក្សាការពារដីទាំងអស់នោះជាបណ្ដោះអាសន្ន ភាគីលោក អេង ណារិន បានដាក់បណ្តឹងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ជំទាស់ដីការរក្សាការពារ ដែលក្នុងពាក្យបណ្ដឹង នោះមានដើមបណ្ដឹងរហូតទៅដល់៥នាក់ តែសាលាដំបូងខេត្តកំពង់ឆ្នាំង នៅតែចាត់ទុកដីការសម្រេចរក្សាការពារទុកជាបានការដដែល។
ក្រោយមកភាគីលោក អេង ណារិន និងបក្ខពួក៥នាក់ដដែលនោះ បានដាក់បណ្ដឹងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការស្រាវជ្រាវករណីវិវាទដីធ្លីនេះ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបង្កើតក្រុមចម្រុះ ដែលមានសមាសភាពជាថ្នាក់ ដឹកនាំសំខាន់ៗមកពីមន្ទីរតាមបណ្ដាអង្គភាពជុំវិញខេត្តជាច្រើនអ្នកផងដែរ។
បន្ទាប់ពីទទួលបានលទ្ធផល នៃការស្រាវជ្រាវពីក្រុមចម្រុះហើយនោះភាគីលោក អេង ណារិន និងបក្ខពួកទាំង៥នាក់ បានដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍ សុំតវ៉ាចំពោះដីការសម្រេចរក្សាការពារដីរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង។ ខណៈនោះដែរសាលាឧទ្ធរណ៍ បានសម្រេចលុបចោលដីការក្សាការពាររបសសាលាដំបូងខេត្តកំពង់ឆ្នាំង និងលើកចោលពាក្យបណ្ដឹងជំទាស់របស់មេធាវីតំណាងដោយអាណត្តិចំពោះដើមបណ្ដឹង៤នាក់ ដោយទទួលស្គាល់ពាក្យ បណ្ដឹងជំទាស់របស់ឈ្មោះ អេង ណារិន តែម្នាក់ប៉ុណ្ណោះ។
លោកយាយ គឹម ហូយ បានបញ្ជាក់ទៀតថា បន្ទាប់ពីមេធាវីសុំថតចម្លងឯកសាររបស់ភាគីលោក អេង ណារិន ដែលបានដាក់បញ្ចូលជាភស្តុតាងនៅសាលាឧទ្ធរណ៍ទាំងអស់នោះរួចមក មេធាវីបានពិនិត្យទៅ លើឯកសាររបស់ ភាគីលោក អេង ណារិន រកឃើញថា ឯកសាររបស់ក្រុមចម្រុះមួយចំនួនមិនគតិយុត្តិ និងមួយចំនួនទៀតសង្ស័យថាក្លែង។ ទើបលោកយាយសម្រេចដាក់បណ្ដឹងទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យធ្វើការពិនិត្យស្រាវជ្រាវទៅលើឯកសារទាំងនោះ និងស្នើសុំធ្វើកោសល្យវិច្ច័យទៅលើស្នាមមេដៃដែលសង្ស័យថាក្លែងនោះផងដែរ។
ជាលទ្ធផលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរកឃើញ និងធ្វើការសន្និដ្ឋានថាមានតំរុយប្រព្រឹត្តបទល្មើសក្លែងបន្លំឯកសារពិតប្រាកដមែន ហើយបានបញ្ជូនឯកសារទាំងអស់នោះមកកាន់អយ្យ ការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្ត។
បច្ចុប្បន្នសំណុំរឿងខាងលើនេះ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង មានភស្តុតាងដាក់បន្ទុកលើជនត្រូវចោទឈ្មោះ អេង លាងច័ន្ទតារារ័ត្ន ពីបទ «ប្រើប្រាស់លិខិតក្លែង» ប្រព្រឹត្តនៅសាលាខេត្តកំពង់ឆ្នាំងក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយបានដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងបានបញ្ជូនជនត្រូវចោទមកធ្វើការជំនុំជំរះផងដែរ តែមកដល់ពេលនេះសំណុំរឿងនេះ ពុំទាន់បានធ្វើការជំនុំជំរះនៅឡើយ។
ពាក់ព័ន្ធរឿងក្តីនេះ បើតាមការបញ្ជាក់ពីលោកមេធាវីរបស់លោកយាយ គឹម ហូយ បានឲ្យដឹងថា ក្នុងចំណោមដើមបណ្ដឹងរបស់លោក អេង ណារិន និងបក្ខពួកសរុបចំនួន៥នាក់ ដែលបានផ្ដិតស្នាមមេដៃប្ដឹងលោកយាយ គឹម ហូយ ទៅគ្រប់ទីកន្លែងក្នុងនោះមាន៣នាក់ បានឆ្លើយបដិសេធនៅចំពោះមុខតំណាងអយ្យការថា ពួកគេមិនបានដឹងរឿងរ៉ាវប្ដឹងផ្ដល់គ្នារវាងឈ្មោះលោក អេង ណារិន ជាមួយឈ្មោះ គឹម ហូយ នោះទេ ដែលករណីនេះលោក យាយ គឹម ហូយ មានគម្រោង និងធ្វើកោសល្យវិច័យទៅលើស្នាមេដៃអ្នកទាំង៣នាក់នោះ ទៅតាមនីតិវិធីច្បាប់បន្ថែមទៀតផងដែរ៕