(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ ឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល ដែលជាវេទិកាដ៏មានសារៈសំខាន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែល​ក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំ និងកោតសរសើរ ចំពោះកិច្ចសហ​ប្រតិបត្តិ​ការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល លើការគ្រប់គ្រង និងអភិវឌ្ឍវិស័យរ៉ែ វិស័យ​ប្រេងកាត និងវិស័យថាមពល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរ៉ែ និងថាមពលមានអាណត្តិកិច្ចលើវិស័យស្នូលចំនួន៣ គឺវិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពល។ វិស័យស្នូលទាំង៣នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងទាក់ទាញ​ការ​វិនិយោគពីវិនិយោគិនក្នុងស្រុក និងពីបរទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារថ្មអារ គឺជាកិច្ចការដំបូងដែលសម្តេចបានធ្វើកិច្ចអន្តរាគមន៍ក្នុងការងារជានាយករដ្ឋមន្ត្រី ហើយជាបទពិសោធន៍សម្រាប់ការដឹកនាំរបស់សម្តេច។ ក្រោមកិច្ចអន្តរាគមន៍ បានប្រែវិស័យថ្មអារពីចង់ដួលរលំ មកកើនឡើង៤ដង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យថ្មអារទទួលបានជោគជ័យមានកត្តាចំនួន៤រួមមាន៖ ហ៊ានវះកាត់, មានយន្តការច្បាស់លាស់តាមដានការអនុវត្តន៍ មន្ត្រីអនុវត្តន៍ទាំងអស់ត្រូវអនុវត្តន៍ដោយស្មោះត្រង់, វិស័យឯកជន ត្រូវចូលរួមដោយស្មោះ និងស្រុះគ្នា ហើយស្មោះត្រង់ជាមួយរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាលើវិស័យថ្មអារជាពិសោធន៍មួយដែលសម្តេចមានមោទនភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបសម្រេចឱ្យលុប អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ដែល បានកំណត់មិនអនុញ្ញាតឱ្យមានការនាំចេញផលិតផល​រ៉ែថ្ម​សំណង់ ដើម្បីរក្សាទុកសម្រាប់សេចក្តីត្រូវការ របស់ប្រជាជាតិទៅថ្ងៃក្រោយជាបន្តទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យរ៉ែបានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ដែល ក្នុងនោះ ចំណូលរដ្ឋពីវិស័យរ៉ែ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកក្នុងថវិកាជាតិ ព្រមទាំងបានផ្តល់ការងារផ្ទាល់ ក្នុងវិស័យរ៉ែនេះ ជូនប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណម្ចាស់អាជីវកម្មរ៉ែ ដែលបានយក​ចិត្តទុកដាក់លើសុវត្ថិភាព និង ជាពិសេសការលើកកម្ពស់សុខុមាលភាព និយោជិតកម្មករ ដែលបម្រើការងារនៅក្នុងការដ្ឋានរ៉ែរបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងរ៉ែ និង ថាមពល បន្តរៀបចំសិក្សា ដោយសហការជាមួយដៃគូពាក់ព័ន្ធ ឬវិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញ ការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែ ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកំណត់តំបន់ដែលត្រូវយកថ្មបាន ដោយមិនត្រូវកម្ទេចគ្រប់តែភ្នំនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និង ថាមពលត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែល ពុំមានសកម្មភាព ឬពុំមានសក្តានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្កៀលចេញពីដែនអាជ្ញាបណ្ណ ធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពង្រឹងការកៀរគរចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល និង ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង សុវត្ថិភាព និង លើកកម្ពស់​សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្តុក​ទុក ការប្រើប្រាស់សារធាតុផ្ទុះ និងសារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យ បានម៉ឺងម៉ាត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្វីត្បិតតែនិន្នាការសកល ការប្រើប្រាស់ប្រេងឥន្ធនៈមានការថយចុះ ប៉ុន្តែប្រេងឥន្ធនៈនៅតែមានតួនាទីសំខាន់ ក្នុងតម្រូវការថាមពលនាពេលបច្ចុប្បន្ន ក៏ដូចអន្តរកាលឆ្ពោះទៅពេលអនាគត ។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានបន្តធានាការផ្គត់ផ្គង់ប្រេង និង ឧស្ម័នឥន្ធនៈគ្រប់ប្រភេទឱ្យបានគ្រប់គ្រាន់ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន និងការអភិវឌ្ឍ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់លើការរៀបចំបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងសកម្មភាពអាជីវកម្មទាំងនៅតាមស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ, ទីតាំងស្តុក, ការដឹកជញ្ជូន និងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័ន ឥន្ធនៈក្នុងអគារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចរចាបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA) សម្រាប់ការចរចារ ជាមួយប្រទេសថៃ ត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅ មក បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេសគឺ ការគោរពអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចខ្វះបាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការចរចាសម្ងាត់ណាមួយរវាងសម្តេចតេជោ និងលោក ថាក់ស៊ីន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើឱ្យបាត់បង់បូរភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏ចេះស្រឡាញ់ទឹកដី មិនមែនចេះស្រឡាញ់អី តែក្រុមប្រឆាំងនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អង្វរអ្នកនយោបាយប្រឆាំងកុំអុជអាលប្រជាពលរដ្ឋឱ្យឈ្លោះប្រកែកគ្នា និងបង្កើតបាតុភាពផ្សេងៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានមនុស្សមកបបួលសម្តេចជីកកំណប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើទៅប្រទេសដែលកំពុងឱ្យអ្នកនយោបាយប្រឆាំងជ្រកកោណ ពិនិត្យឡើងវិញចំពោះសកម្មភាពរបស់ពួកគេ ចំពោះការបំផុសប្រជាពលរដ្ឋធ្វើសកម្មភាពប៉ះបោរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនអនុញ្ញាតឱ្យកើតមានចលនាប៉ះបោរផ្តួលរំលំរដ្ឋនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល បើកទីផ្សារប្រកួតប្រជែងឱ្យទូលាយ ដើម្បីធានាការផ្គត់ផ្គង់ប្រេង និងឧស្ម័នឥន្ធនៈ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ដោយខិតខំកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល និង លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយដៃគូពាក់ព័ន្ធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ពន្លឿនការរៀបចំបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពនានា ជាពិសេស បញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ និងចែកចាយឧស្ម័នឥន្ធនៈក្នុងអគារឱ្យបានឆាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបិទលែងឱ្យមានអាជ្ញាបណ្ណផលិតស្រាបៀរទៀតហើយ។ បើផលិតនាំចេញ ទើបអនុញ្ញាត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេសនៅឆ្នាំ២០២៤ បានកើនឡើង ១៥,៥៦ភាគរយ ធៀបទៅនឹងការប្រើប្រាស់នៅឆ្នាំ២០២៣។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រហូតដល់ចុងឆ្នាំ២០២៤នេះ វិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី ពីប្រព័ន្ធបណ្ដាញជាតិ បានគ្របដណ្តប់លើភូមិចំនួន ៩៩,១៥ភាគរយ នៃចំនួនភូមិទូទាំងប្រទេសរួចហើយ ដែលនៅក្នុងនោះការភ្ជាប់បណ្តាញឱ្យទីតាំងអ្នកប្រើប្រាស់គ្រប់ប្រភេទនៅចុងឆ្នាំ ២០២៤ នេះបានឡើងដល់ចំនួន ៣,៨៦លានទីតាំង គឺកើនឡើងប្រមាណ៤ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការភ្ជាប់បណ្តាញ ឱ្យលំនៅឋានប្រជាពលរដ្ឋបានកើនឡើងដល់ ៣,៦០លានខ្នងផ្ទះ ដែលត្រូវជា ៩៥,២៤% នៃខ្នងផ្ទះ សរុបទូទាំងប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពលយកចិត្ត​ទុកដាក់​ធ្វើយ៉ាងណា ឱ្យថាមពលដែលប្រើប្រាស់កាន់តែស្អាត កាន់តែមានប្រសិទ្ធភាព មានស្ថិរភាព ថ្លៃសមរម្យ និងមានសមធម៌ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសម្រួលដល់ជីវភាពសង្គមនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងអាចធ្វើអន្តរកាលវិស័យថាមពលកម្ពុជាឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឯកភាពជាមួយមតិរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងការកំណត់យកអភិក្រមចំនួន ៤ សម្រាប់ការគ្រប់​គ្រង និងអភិវឌ្ឍវិស័យថាមពលបន្ត ទៀតគឺ ៖ ១). បង្កើនថាមពលស្អាត និង ប្រសិទ្ធភាពថាមពល, ២). រក្សាថ្លៃសមរម្យ ស្របតាមថ្លៃនៃ ធាតុចូលក្នុងការផលិត បញ្ជូន និង ចែកចាយថាមពល, ៣). បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់, ៤). បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និង ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលទើបអនុម័តការអនុម័តគម្រោងអភិវឌ្ឍប្រភពថាមពលថ្មីចំនួន ២៣គម្រោង អានុភាពសរុប ៥,៩៥០មេហ្កាវ៉ាត់បន្ថែម នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នបង្គោល និងក្រសួង-ស្ថាប័ននានា ដែលជាស្ថាប័នដៃគូ យកចិត្តទុកដាក់ជំរុញការអនុវត្តគម្រោងថាមពលស្អាត និងគម្រោង ប្រសិទ្ធភាពថាមពលឱ្យអស់ពីលទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជួយគាំទ្រដល់ការអនុវត្តគម្រោង ប្រសិទ្ធភាពថាមពលដែលបានរៀបចំដោយ «គណៈ​កម្មាធិការជាតិប្រសិទ្ធភាពថាមពល» ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេស​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីពន្លឿនការងារ​ប្រសិទ្ធ​ភាពថាមពលដែលបានគ្រោង និងឈានទៅសម្រេចគោលដៅសន្សំសំចៃ​ប្រភពថាមពលឱ្យបាន១៩ភាគរយ នៅដំណាច់ឆ្នាំ២០៣០។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ថាមពលមួយ ដែលមានថ្លៃសមរម្យ ស្ថិរភាព និងសមធម៌ គឺជាគោលការណ៍គ្រឹះដែលត្រូវប្រកាន់ខ្ជាប់ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការគិតគូរធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព គ្មានការ រអាក់រអួលដែលត្រូវមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន ក្រសួង​សាធារណៈការ និងដឹកជញ្ជូន អាជ្ញាធររាជធានី-ខេត្ត និងប្រជាពលរដ្ឋនានា ចូលរួម​ទាំង​អស់គ្នាដោះស្រាយដីសម្រាប់ការសាងសង់គម្រោងថាមពលនានា និងអនុញ្ញាតឱ្យ
ដាំបង្គោលអគ្គិសនីនៅតាមទីតាំងចាំបាច់ ដើម្បីអាចទទួលបាននូវ​ការផ្គត់ផ្គង់ ថាមពលមានស្ថិរភាព គ្មានការរអាក់រអួល បានឆាប់រហ័ស ទៅតាមការគ្រោងទុក និងអនុលោមតាម ច្បាប់ជាធរមាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យមានសមធម៌រវា​ង​តំបន់​ទីក្រុង និងជនបទ ជាពិសេសលើបណ្តាភូមិដាច់ស្រយាល ០,៨៥ភាគរយ ដែលនៅ​សល់​មិនទាន់មានបណ្តាញផ្គត់ផ្គង់អគ្គិសនីទៅដល់នៅឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះការ​ផ្តួចផ្តើមរបស់ក្រសួងរ៉ែ និងថាមពល ក្រោមកម្មវិធី «គីឡូម៉ែត្រចុងក្រោយ (The Last Mile)» មានន័យថា រាជរដ្ឋាភិបាលនឹងត្រូវខិតខំប្រឹងប្រែងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស មានអគ្គិសនីប្រើប្រាស់ដូចគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្តអគ្គិសនី ធ្វើឱ្យ​ប្រទេសជាតិទទួលបានផលប្រយោជន៍ចំនួន២ គឺ១). បង្កើនប្រសិទ្ធភាព នៃការ​ប្រើ​ប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យាន​យន្តអគ្គិសនីបើ ថាម​ពលតិចជាងការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល ៥ដង និង ២). បន្ថយការ បញ្ចេញ​ឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដោយមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិស័យយានយន្តអគ្គិសនីទាំងមូល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៤៖៥០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕