(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, កាលពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៤ នាយកដ្ឋានសារការី នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានរៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពី «លិខិតសារការីក្នុងរឿងប្រាតិភោគប្រត្យក្ស និងក្នុងការចាត់ចែងមត៌កជាសាច់ប្រាក់ក្នុងគណនីធនាគារ» នៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទ្បើងក្រោមអធិបតីភាពលោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និងដោយមានការអញ្ជើញ ចូលរួមជាគណៈអធិបតីពីលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋប្បវេណី ព្រមទាំងមាន​តំណាងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់,​ សារការី នៃមន្ទីរសារការីក្នុងព្រះរាជាណាចក្រកម្ពុជា, ចៅក្រម, អាជ្ញាសាលា,​ តំណាងសមាគមធនាគារនៅកម្ពុជា (ABC) និងមន្ត្រីនៃក្រសួងយុត្តិធម៌ផងដែរ។

ថ្លែងក្នុងពិធីនេះ, លោក តាន់ហ៊ាង ដាវ័ណ្ណ បានគូសបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងចែករំលែកបទពិសោធន៍រវាងអ្នកវិជ្ជាជីវៈសារការី អ្នកវិជ្ជាជីវៈច្បាប់ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដោយផ្តោតជាសំខាន់លើតួនាទី និងប្រសិទ្ធភាព នៃលិខិតសារការីក្នុងការដោះស្រាយរឿងប្រាតិភោគប្រត្យក្ស និងបញ្ហាមត៌តជាសាច់ប្រាក់នៅក្នុងគណនីធនាគារ ដែលជាប្រធានបទបច្ចុប្បន្នភាពមួយផងដែរ។

សិក្ខាសាលាក៏បានពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃការអនុវត្តវិជ្ជាជីវៈសារការី ពាក់ព័ន្ធនឹងលិខិតសារការីក្នុងរឿងប្រាតិភោគ​ប្រត្យក្ស និងក្នុងការចាត់ចែងមត៌កជាសាច់ប្រាក់ក្នុងគណនីធនាគារ​ ដោយមានការចូលរួមជជែកវែកញែកពីវាគ្មិនកិត្តិយសដែលជាអ្នកជំនាញ និងសិក្ខាកាមដែលជាអ្នកអនុវត្តផ្ទាល់ផងដែរ។

នាល្ងាចថ្ងៃដដែល ក្រោយបញ្ចប់សិក្ខាសាលាខាងលើ សារការី​ក៏បានចូលរួមពិធីពិសាអាហារ​សាមគ្គីសារការី ក្រោមទិសស្លោក «រួមគ្នាដើម្បីលើកកម្ពស់វិជ្ជាជីវៈសារការី រួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើប្រតិបត្តិការ គតិយុត្តនៅកម្ពុជា» ក្នុងគោលបំណងបង្កើតឱកាសឱ្យមានការជួបជុំ ផ្លាស់ប្តូរទស្សនៈវិស័យ និងគំនិតយោបល់ពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈ ព្រមទាំងរឹតចំណងមិត្តភាព​ឱ្យកាន់តែមានភាពស្និទ្ធស្នាល សំដៅបង្កើន​សាមគ្គីភាព និង ភាតរភាពក្នុងវិជ្ជាជីវៈតែមួយ៕