(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា លោក ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យ លោកអនុប្រធានទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរសទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបដែរថា ការបោះឆ្នោតគាំទ្រ លោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើឡើងជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបោះឆ្នោតគាំទ្រ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តីផងដែរ។

លោក ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦៕