(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសថា សម្ដេចសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្ដែបើផលិតសម្រាប់ការនាំចេញ ទើបរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ។
ការប្រកាសបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី, បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៧ហើយ កំពុងផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឲ្យមានក្រុមហ៊ុនផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវ Licence (អាជ្ញាប័ណ្ណ) ផលិតស្រាបៀរខ្ញុំឈប់ឲ្យហើយ បច្ចុប្បន្នមាន៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឲ្យ តែបើធ្វើក្នុងស្រុកខ្ញុំមិនឲ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឲ្យហើយក្រែងមានអ្នកចង់ធ្វើ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការឆ្លើយបដិសេធរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរបស់វិស័យឯកជន ដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សារនេះមិនតម្រូវឲ្យមានបន្ថែមទៀតឡើយ។
ក្រៅពីរោងចក្រផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុកហើយនោះ ត្រង់ចំណុចនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា ចំពោះរាល់គម្រោងវិនិយោគផ្សេងៗ ដែលមានចំនួនច្រើន ហើយបញ្ហាទីផ្សារមានកំណត់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតទៀតនោះដែរ ដើម្បីទុកឱកាសឲ្យអ្នកដែលទទួលបានអាជ្ញាប័ណ្ណពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន៕