(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Zefer SARIKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Party) នៃសាធារណរដ្ឋតួកគី នៅវិមានសន្តិភាព។
ជំនួបខាងលើ ធ្វើឡើងឆ្លៀតក្នុងឱកាសលោកអនុប្រធានគណបក្សយុត្តិធម៍ និងអភិវឌ្ឍន៍នៃសាធារណរដ្ឋតួកគី អញ្ជើញមកកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងការស្វាគមន៍ និងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលតួកគី ដែលតែងតែជួយលើការងារមនុស្សធម៌ និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសតួកគី។ លោកបានបញ្ជាក់ថា បច្ចុប្បន្នសិស្សនិសិ្សតកម្ពុជាចំនួន៥២នាក់ កំពុងបន្តការងារសិក្សាលើមុខជំនាញផ្សេងៗ មានទាំងសិស្សឥស្លាម និងមិនមែនឥស្លាម នៅប្រទេសតួកគី។
លោក Zefer SARIKAYA បានថ្លែងថា នេះជាលើកមួយហើយដែលលោកបានអញ្ជើញមកកម្ពុជា និងនាំមកនូវការផ្តាំសួរសុខទុក្ខពីសំណាក់ លោក Tayyip Erdogan ប្រធានាធីបតីតួកគី ជូនចំពោះលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផងដែរ។
ជាមួយគ្នានេះ លោករំលឹកថា តួកគីបានបើកស្ថានទូតរបស់ខ្លួន នៅកម្ពុជាក្នុងឆ្នាំ២០១៣ ហើយកម្ពុជាក៏បានចាប់ផ្តើមបើកស្ថានទូតរបស់ខ្លួននៅតួកគី ក្នុងឆ្នាំ២០២០ ហើយភាគីទាំង២ មានទំនាក់ទំនងទ្វេភាគីតាំងពីពេលនោះមក។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួកគីកាលពីឆ្នាំ ២០១៨ បានជំរុញឲ្យរដ្ឋមន្ត្រីកម្ពុជាជាច្រើន និងថ្នាក់ដឹកនាំផ្សេងៗទៀត បានទៅទស្សកិច្ចនៅទីនោះជាបន្តបន្ទាប់ ដែលធ្វើទំនាក់ទំនងរវាងគ្នាកាន់តែល្អប្រសើរថែមទៀត។
ទន្ទឹមគ្នានេះ លោកបានថ្លែងថា នៅដើមឆ្នាំ២០២៥ខាងមុខនេះ អាកាសចរណ៍តួកគី នឹងធ្វើការហោះហើរត្រង់មកកម្ពុជា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បើកដំណើរការ ហើយនឹងធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែកើនឡើងថែមទៀត។
ជាចុងក្រោយ លោកបានបង្ហាញសេចក្តីសោមនស្សរីករាយដែលសហគមន៍ឥស្លាមកម្ពុជា ត្រូវបានយកចិត្តទុកដាក់ ឲ្យមានតំណាង នៅក្នុងជួររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងនោះមានសមាជិកព្រឹទ្ធសភា ៥នាក់ និងរដ្ឋសភា៦នាក់៕