(ភ្នំពេញ)៖ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអនុញ្ញាតឲ្យលោក Vernon Little ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) និងគណៈប្រតិភូចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនោះដែរ ក៏មានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិក គ.ប.ផ.ក ចំនួន៩រូបទៀតដែល ជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ជាកិច្ចចាប់ផ្ដើមលោក នៅ លក្ខណា ជាប្រធាន គ.ប.ផ.ក. បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់គណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដែលបានបង្ហាញពីកិច្ចសហការរវាង គ.ប.ផ.ក. និង ATIC ដើម្បីឲ្យមានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ 

លោក Vernon Little អគ្គនាយកក្រុមហ៊ុន Huotraco International Limited និងជាប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) បានថ្លែងអំណរគុណដល់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលបានអនុញ្ញាឲ្យរូបលោក និងគណៈប្រតិភូបានចួលជួប និងពិភាក្សានាឱកាសនេះ។

ក្នុងនោះលោកប្រធានសមាគម បានលើកឡើងអំពីបញ្ហាប្រឈម និងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយវត្តមាននៃផលិតផលបារីក្លែងក្លាយ និងខុសច្បាប់នៅក្នុងទីផ្សារកម្ពុជា។ លោកប្រធាន ATIC បានបន្ថែមទៀតថា ខាងសមាគមប្ដេជ្ញាចិត្តក្នុងការសហការជាមួយ គ.ប.ផ.ក. ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយជាអតិបរិមានូវផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយលោករួមទាំងគណៈប្រតិភូទាំងអស់ ដែលតំណាងឱ្យក្រុមហ៊ុនទាំង០៦ ជាសមាជិកនៃសមាគម បានគាំទ្រយ៉ាងពេញទំហឹងឲ្យមានកិច្ចសហការល្អ រវាងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា និង គ.ប.ផ.ក. ផងដែរ។

ក្នុងជំនួបនោះដែរ តំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. បានចូលរួមមតិយោបល់យ៉ាងផុសផុលអំពីយន្តការ វិធានការ និងសមត្ថកិច្ចជំនាញ ដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ និងខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់ជាធរមាន និងបានគាំទ្រអោយមានកិច្ចសហការល្អរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលផងដែរ។

ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សានេះ ប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងទទួលយកសំណើ សំណូមពរ បញ្ហាប្រឈម ដើម្បីគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ រួមគ្នាដោះស្រាយបន្តទៀត៕