(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលទើបអនុម័តគម្រោងអភិវឌ្ឍប្រភពថាមពលថ្មីចំនួន ២៣គម្រោង មានអានុភាពសរុប ៥,៩៥០មេហ្កាវ៉ាត់ ដែលភាគច្រើនជាថាមពលស្អាត។

គម្រោងអភិវឌ្ឍប្រភពថាមពលថ្មីទាំង ២៣គម្រោងនេះ មានតម្លៃ៥ ៧៩០លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៩ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនី ដែលបានគ្រោងទុក។

ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងឱ្យដឹងផងដែរថា កម្ពុជាបានដាក់ចេញគោលដៅឆ្នាំ២០៣០ ត្រូវផលិតថាមពលស្អាតឱ្យបាន ៧០ភាគរយ ខណៈបច្ចុប្បន្ននេះ កម្ពុជាប្រភពថាមពលស្អាត ៦២ភាគរយទៅហើយ។

ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបានថ្លែងថា «ក្នុងកិច្ចប្រជុគណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ រាជរដ្ឋាភិបាលបានអនុម័តគម្រោងអភិវឌ្ឍន៍ប្រភពថាមពលចំនួន ២៣គម្រោង សរុប៥៩៥០មេហ្កាវ៉ាត់។ ឥឡូវប្រភពថាមពលស្អាតយើងមាន ៦២ភាគរយ គោលដៅរបស់យើង គឺបង្កើនឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ នៅអាស៊ានយើងជាប់លេខ២ ឡាវលេខ១ ដោយសារឡាវ មានប្រភពថាមពលអគ្គិសនីពីវារីអគ្គិសនីច្រើន។ ឆ្នាំ២០២៣ យើងមានទាំងថាមពលពីពន្លឺព្រះអាទិត្យ វារីអគ្គិសនី មានជីវម៉ាស... ដើម្បីធ្វើយ៉ាងណាធានាចីរភាព និងស្ថិរភាព ក៏ដូចជាតម្លៃ»

សម្តេចបវរធិបតីបញ្ជាក់ថា សម្រាប់គម្រោងវិនិយោគថាមពលអគ្គិសនី គឺរាជរដ្ឋាភិបាលបានចរចាជាមួយភាគីវិនិយោគ ក្នុងតម្លៃមួយទាប ដើម្បីអាចយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងតម្លៃអាចទទួលយកបាន។

សូមជម្រាបថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង រួមមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់៕