(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញនូវផលប្រយោជន៍សំខាន់ៗ ចំនួន២ ដែលប្រទេសជាតិទទួលបានក្រោយប្រជាពលរដ្ឋផ្លាស់ប្ដូរពីការប្រើប្រាស់យានយន្ដប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្ដអគ្គិសនី។
ផលប្រយោជន៍ចំនួន២ ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកមកបង្ហាញក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល រួមមាន៖
*ទី១៖ បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យានយន្តអគ្គិសនីប្រើថាមពលតិចជាង ការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល៥ដង
*ទី២៖ បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយានយន្ដអគ្គិសនី ឆ្នាំ២០២៤-២០៣០ ដែលមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៉ី នៃវិស័យយានយន្តអគ្គិសនីទាំងមូល។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយក្រុមហ៊ុនរថយន្ដ BYD ដែលជាក្រុមហ៊ុនរថយន្ដអគ្គិសនី ដើម្បីដំឡើងរោងចក្រផលិតរថយន្ដអគ្គិសនីនៅប្រទេសកម្ពុជាតែម្ដង។ ខណៈនៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបាននាំចូលរថយន្ដអគ្គិសនី ឬអគ្គិសនីលាយសាំង ចូលមកប្រទេសកម្ពុជា។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំដល់ក្រសួងរ៉ែ និងថាមពល ដែលមានតួនាទីភារកិច្ចដឹកនាំជំរុញការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីនៅកម្ពុជា ត្រូវរៀបចំដាក់ចេញនូវចំណាត់ការនានា ជុំវិញការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។
សម្ដេចបានបន្ដថា មានតែការអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីឲ្យបានកាន់តែប្រសើរច្រើនទេ ទើបអាចដាក់ចេញទាក់ទាញការបង្កើត ការផ្លាស់ប្ដូរយានយន្ដពីប្រើប្រេងឥន្ធនៈ ទៅប្រើប្រាស់យានយន្ដអគ្គិសនីវិញជាបណ្ដើរៗ ដើម្បីផ្ដល់ជម្រើសសម្រាប់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសបាន ២០០,៨២៤គ្រឿង ក្នុងនោះម៉ូតូ ១៧០,៧៤៦គ្រឿង យានយន្តធុនស្រាល ២៦,៣៨០គ្រឿង និងយានយន្តធុនធ្ងន់ ៣,៦៩៨គ្រឿង។ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួន ១,៤៧៩គ្រឿង ក្នុងនោះ ម៉ូតូ៥១៨គ្រឿង ម៉ូតូកង់បី៣០គ្រឿង និងរថយន្ត៩៣១គ្រឿងផងដែរ៕