(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពង្រឹងការកៀរគរចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែដោយគ្មានសុចរិតភាព។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពលនេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងរ៉ែ និងថាមពល ត្រូវពង្រឹងការកៀរគរចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាទីបំផុត នូវរាល់សកម្មភាពរ៉ែអាណាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងលើកម្ពស់សុខុមាលភាពនិយោជិក កម្មករ ពង្រឹងការត្រូតពិនិត្យ ការទិញ ការដឹកជញ្ជូន ការស្តុក ការប្រើប្រាស់សាធាតុផ្ទុះ និងសាធាតុគីមី និងការដ្ឋានអាជីវកម្មធន់ធានរ៉ែឱ្យបានហ្មត់ចត់ផងដែរ។

សូមបញ្ជាក់ដែរថា បើតាមលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងដែរថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ១៥០% នៃផែនការក្នុងច្បាប់ថវិកា ឆ្នាំ២០២៤។

បន្ថែមពីនោះទៀតលោក កែវ រតនៈ បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មានចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយឡែកចំណូលពីអាករ​លើការនាំចេញផលិតផលគ្រប់ប្រភេទ បានប្រមាណ ៣១.៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍៕